ក្រសួងនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី១០កញ្ញាស្អែកនេះ
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១០ ខែកញ្ញាវិញ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ។ នេះបើយោងតាម Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃនេះ ។
ក្រសួងអប់រំបញ្ជាក់ថា ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕