ខេត្តកណ្ដាល៖ សមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីអាជ្ញាសាលារបស់តុលាការខេត្តកណ្ដាល ចុះអនុវត្តសាលក្រម តុលាការកំពូល កាលពីព្រឹកថ្ងៃទី៨កញ្ញា នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ស្រុកស្អាង ។ ការអនុវត្តសាលក្រមនេះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានជាន់កម្ទេចដោយគ្រឿងចក្រ បន្ទាប់មកប្រគល់ដីទៅអោយភាគីឈ្នះក្តី។
ការអនុវត្តសាលក្រមនេះបានជោគជ័យទាំងក្តីសោកសង្រេងរបស់ប្រជាពលរដ្ឋចាញ់ក្តី ដោយ ការសោកស្តាយទ្រព្យសម្បត្តិរបស់ខ្លួន ជាមួយក្រុមគ្រួសារដួលសន្លប់ចំនួនពីរនាក់( ស្រីមួយនាក់ ) ផ្ទះបីខ្នងដែលត្រូវបានជាន់កម្ទេចនោះ ធ្វើអំពីឈើបករក់សង្គ័សី មួយខ្នង និងផ្ទះ ថ្មប្រក់សង្គ័សី ពីរខ្នង ហើយការអនុវត្តសាលក្រមនេះដែរត្រូវបានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ។
បើតាមមន្ត្រីតុលាការខេត្តកណ្ដាល ដែលដឹកនាំកំលាំងចម្រុះ មកអនុវត្តសាលក្រម របស់តុុលាការកំពូលបានឱ្យដឹងថា រឿងក្តី នេះគឺកើតមានតាំងពីឆ្នាំ២០០៤ មក ដែលមានដើមបណ្ដឹង ឈ្មោះមីុ កល្យាញ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកឈ្នះក្តី ចាប់តាំង ពីលាលាដំបូងខេត្តកណ្ដាល សាលាឩទ្ធរណ៍ រហូតដល់តុលាការកំពូល ។ ចំណែកភាគីចាញ់ក្ដី ទី១ ឈ្មោះប៉ុន ថន ភេទប្រុសអាយុ៤៣ឆ្នាំ ទី២ឈ្មោះ អ៊ុង អ៊ីម ភេទស្រី អាយុ៥៥ឆ្នាំ និងទី៣ ឈ្មោះ សែ គឹមអូន ភេទស្រីអាយុ៣៤ឆ្នាំ អ្នកទាំងបីនាក់មានទីលំនៅភូមិទួលក្រសាំង ឃំុរកាខ្ពស់ស្រុកស្អាង ។
ដីដែលអនុវត្តសាលក្រម អោយទៅភាគីឈ្នះក្តី មាន ទំហំ ២៥គុណនិង១០ម៉ែត្រ ពីរប្លង់ និងដីទំហំ ២០គុណនិង១០០ម៉ែត្រ មួយប្លង់ ។
សាលក្រម របស់តុលាការកំពូល បាន បង្គាប់អោយភាគីចាញ់ក្តី រុះរើផ្ទះ ចេញប្រគល់ដីអោយភាគី ឈ្នះក្ដី និងជួយដោះស្រាយ សំណង ពីរគ្រួសារ ក្នុងមួយគ្រួសារៗចំនួន១ពាន់ដុល្លារ និង មួយគ្រួសារទៀត ២ ពាន់ដុល្លារ តែភាគីចាញ់ក្ដីមិនព្រមរុះរើ តាមសាលដីការ ។
ប៉ុន្តែបើតាមភាគីចាញ់ក្តីទាំងបីគ្រួសារ បានប្រាប់អោយដឹងថា ដីនេះ ជាដី ពួកគាត់ រស់នៅតាំង ពី ឆ្នាំ១៩៨៧ មកម្លិះ គឺ តាំងពីមិនទាន់មាន អ្នកមករស់នៅទីនោះច្រើនមកម្លេះ ។ហើយក៏មានការទទួលស្គាល់ ពីប្រធានភូមិ មេឃំុដែរ និងមានបង្កាន់ដៃដែលចេញការិយាល័យសុរិយោដីស្រុកស្អាងទៀតផង ។ ភាគី ចាញ់ក្ដីថា សាលក្រម អោយពួកគាត់ចាញ់ក្ដី បែបនេះ ពិត ជាអយុត្តិធម៌ខ្លាំងណាស់ និង បាន លើករូបថតសម្ដេច អគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ ដល់ពួកគាត់ ទាំងអស់គ្នា ជាប្រជាពលរដ្ឋស្លូតត្រង់ផង។
នៅពេលដែលសមត្ថកិច្ច ចម្រុះ ជាច្រើននាក់ ចុះអនុវត្តសាលក្រមនេះ ក្រុមគ្រួសាភាគីចាញ់ក្ដី បាន ព្យាយាមរារាំង ក្រុមសមត្ថកិច្ច ដោយមានអ្នកខ្លះ ឡើងអង្គុយលើដៃគ្រឿងចក្រ លើកង់គ្រឿងចក្រ ខ្លះដេកលើដី រារាំងមិនអោយគ្រឿងចក្រ ចូលទៅកាយ កំទេច រុះរើផ្ទះ និង បានដុត សំបកកង់ឡាន ជាច្រើន ឆេះផ្សែង ខ្មៅខ្មួលខ្មាញ់ លើអាកាសសា បង្ករអោយ អ្នកធ្វើដំណើរតាមផ្លូវ ឈប់មើលត្រៀបត្រា ក្នុងទឹកចិត្ត អាណិតភាគីចាញ់ក្ដី ជាពន់ពេក។
ក្រុមគ្រួសារ អ្នកចាញ់ខ្លះទៀត មានកាន់ដបសាំង នៅក្នុងដៃ គម្រាម ចាក់ដុតផ្ទះ និងដុតខ្លួនប្រាណ ប៉ុន្តែត្រូវក្រុមសមត្ថកិច្ច ចាប់ សែង គ្រាកចេញ មានការប៉ះទង្គិច ប្រើអំពើហឹង្សា ដាក់គ្នាទៅវិញទៅមកផងដែរ តែមិនមានអ្នករងរបួស ធ្ងន់ធ្ងរទេ។ ដោយសារតែមានការ ស្លុតចិត្តខ្លាំងពេក និងទ្រហោ៑យំ និង ប៉ះទង្គិច ច្រានគ្នាទៅវិញទៅមក បានបណ្ដាលអោយភាគីចាញ់ក្តីពីរនាក់ បានដួលសន្លប់ ស្រីម្នាក់ និងប្រុសម្នាក់ ត្រូវបាន ក្រុ មគ្រួសារបញ្ជូនទៅ មន្ទីពេទ្យ ដែលជាឱកាសដល់ ក្រុមសមត្ថកិច្ចបញ្ជាដោយមន្ត្រី តុលាការ អោយ គ្រឿងចក្រ សម្រុកចូល ទៅជាន់កម្ទេចផ្ទះទាំងបីខ្នង បានសម្រចនៅវេលាម៉ោង ជាង១២ ថ្ងៃត្រង់ ខណះដែល ក្រុមគ្រួសារភាគីចាញ់ក្ដី នៅទ្រហោយំ កងរំពង សម្លឹងមើលផ្ទះដែលខ្ទេចខ្ទីគ្នានសល់នោះ ។
គួរបញ្ជាក់ថា សកម្មភាពអនុវត្តសាលក្រមនោះ គេបានឃើញម្ចាស់បំណុលហាក់ខ្នះខ្នែងបញ្ជារកម្មករឲ្យរុះរើនិងកម្ទេចផ្ទះអ្នកចាញ់ក្តី និង ចាប់ដៃចាប់ជើង សែងក្មេងស្រី និង ស្ត្រីចាស់ៗដែលព្យាយាមការពារផ្ទះរបស់ខ្លួន ។ ជាងនេះទៅទៀត គេសំគាល់ឃើញម្ចាស់បំណុលបានបង្គាប់បញ្ជារមន្ត្រីអាជ្ញាសាលា និង មន្ត្រីតុលាការទៀតផង ។ សកម្មភាពនេះ ត្រូវបានគេវាយតម្លៃថា ការអនុវត្តសាលក្រមមិនធម្មតាគួរឲ្យភ័យខ្លាច ៕