ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង ខណៈ១១នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងរវាងរថយន្តមួយគ្រឿងបុកយន្តកន្រៃ្តយ៍១គ្រឿងដឹកមនុស្សចំនួន១០នាក់។ ហេតុការណ៍កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៩ ខែកញ្ញានេះ នៅលើផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2724 (អ្នកបើកបររត់បាត់)។ ចំណែកគោយន្តកន្រៃ្ត១គ្រឿងដែលមានសណ្តោងរ៉ឺម៉កដឹកមនុស្សចំនួន១០នាក់ទៅកាន់បិណ្ឌ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសមនុស្សធ្ងន់១១នាក់តែម្តង។ បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើករថយន្ត ក្នុងល្បឿនលឿន ខណៈអ្នកបង្កដែលជាអ្នកបើកបរថយន្តរត់បាត់ស្រមោល។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕