ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំក្រុមការងារសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីបំពេញបេសកកម្មសិទ្ធិមនុស្សបន្ទាន់ ដែលត្រូវរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ អំពីស្ថានភាពសិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងការការពារភាពស្របច្បាប់ជាបន្តបន្ទាប់ នៅក្រោយពេលមានការចាប់ខ្លួនប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា ដោយអះអាងថា ធ្វើឡើងក្នុងគោលដៅថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ រួមទាំងពន្យល់ដល់សហគមអន្តរជាតិ អំពីកម្ពុជាពិត និងកម្ពុជាលើសារព័ត៌មានបរទេសផងដែរ។
នេះបើតាមការឲ្យដឹងពីលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមFacebook ។ លោក ជិន ម៉ាលីន ក៏នឹងរួមដំណើរជាមួយលោក កែវ រ៉េមី ដែរ៕