ម៉ិចស៊ីកូ ៖ ចំនួនមនុស្សសា្លប់ដោយសារគ្រោះរញ្ជួយដីកម្រិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានកើនដល់៩០នាក់ហើយ ខណៈមនុស្ស២០០នាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមអាជ្ញាធរម៉ិចស៊ីកូ គ្រាន់តែនៅក្នុងរដ្ឋ Oaxaca តែមួយគត់មានមនុស្ស៧១នាក់ បានស្លាប់និង១៥នាក់នៅក្នុងរដ្ឋ Chiapas រីឯ០៤នាក់ផ្សេងទៀតនៅឯរដ្ឋ Tabasco។ ដោយឡែកក្រៅតែពីបានផ្ដាច់យកអាយុជីវិតមនុស្ស គ្រោះរញ្ជួយដីដ៏ប្រល័យនេះក៏បានបំផ្លាញទាំងស្រុង អគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតព្រមទាំងធ្វើឱ្យប្រជាជានជិតមួយលាននាក់ គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
ជាមួយគ្នានោះដែរប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃនៅទូទាំងប្រទេស ស្របពេលព្យុះ Hurricane Katia បាននិងកំពុងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកាលពីថ្ងៃសៅរ៍ មុននឹងវាប្រែក្លាយជាព្យុះត្រូពិចវិញ ក៏ប៉ុន្តែក្រុមអាជ្ញាធរព្រួយបារម្ភថា ព្យុះមួយនេះអាចនឹងបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រ ម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វាធំជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់នៅតាមបណ្តារដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត។ គ្រោះរញ្ជួយដីនេះមានជម្រៅ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រនៅចម្ងាយ១២៣គីឡូម៉ែត្រ ភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយ មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែ បន្តការងាររបស់ពួកគេនៅឡើយ៕