អាមេរិក ៖ ខ្យល់ព្យុះចំឡែកអ៊ីម៉ាបានវាយប្រហាររដ្ឋហ្វ្ល័រីដាជាមួយល្បឿនខ្យល់បក់ជាង២០០គីឡូម៉ែត្រក្នុង១ម៉ោងកាលពីថ្ងៃអាទិត្យដោយជន់លិចផ្លូវមួយចំនួនព្រមទាំងដាច់ភ្លើងតាមលំនៅឋាន និងក្រុមហ៊ុនជាង១,៥លានកន្លែងព្រមទាំងបានផ្ដួលរំលំឧបករណ៍ស្ទួយគ្រឿងសំណង់មួយគ្រឿងនៅលើអគារខ្ពស់មួយនៅទីក្រុងម៉ៃអាមីនៅរដ្ឋនេះផងដែរ។
ខ្យល់ព្យុះអ៊ីម៉ានេះបានធ្វើដំណើរទៅដល់ឆ្នេរសមុទ្ររដ្ឋហ្វ្លរីដាកាលពីព្រឹកថ្ងៃអាទិត្យ ហើយគេរំពឹងថា ខ្យល់ព្យុះអ៊ីម៉ានេះនឹងបន្ថយល្បឿនរបស់ខ្លួននៅពេលធ្វើដំណើរទៅដល់ឆ្នេរសមុទ្រខាងលិចនៅរដ្ឋហ្វ្ល័រីដានៅព្រឹកថ្ងៃចន្ទនេះ។
ផ្លូវជាច្រើនគ្មានអ្នកធ្វើដំណើរនៅទូទាំងជ្រោយហ្វ្ល័រីដានេះដោយសារខ្យល់បក់ខ្លាំងលាយឡំដោយការធ្លាក់ភ្លៀងជន់លិចផ្លូវទាំងនេះ ខណៈប្រជាពលរដ្ឋប្រហែល១២ម៉ឺន៧ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីជម្រកមួយចំនួននៅទីក្រុងម៉ៃអាមីនិងទីក្រុងមួយចំនួនទៀត។
ខ្យល់ព្យុះនេះបានបង្ខំឲ្យមន្ត្រីអាជ្ញាធរជម្លៀសប្រជាពលរដ្ឋមូលដ្ឋានរាប់លាននាក់ចេញពីលំនៅឋានខ្លួនទៅរកកន្លែងមានសុវត្ថិភាពនៅក្នុងរដ្ឋនេះដើម្បីគេចពីគ្រោះធម្មជាតិខ្លាំងបំផុតនេះ។ ប៉ុន្តែទោះយ៉ាងណារហូតមកដល់ពេលនេះគ្មានរបាយការណ៍ពីអ្នកស្លាប់ឬរបួសបណ្ដាលមកពីគ្រោះកំណាចនេះទេ៕