ខេត្តកណ្តាល ៖ ក្មេងជំទង់២នាក់បានស្លាប់ ហើយ២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងទាំង៤នាក់ បាននាំគ្នាយកគ្រាប់ផាវ ទៅកែច្នៃធ្វើជាគ្រាប់ បែកបោកលេង ប៉ុន្តែការកែច្នៃ របស់ពួកគេមិនមានបច្ចេកទេស បណ្តាលឲ្យផ្ទុះស្លាប់២នាក់និង២នាក់ទៀតរងរបួសធ្ងន់តែម្តង ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងរងគ្រោះដល់ស្លាប់នោះទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំមានមុខរបរសិស្ស ទី២-ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស ចំណែកអ្នករបួសធ្ងន់ទ១ -ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្សត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ៕