ប៉េរូ ៖ ក្រសួងការបរទេសប្រទេសប៉េរូបាននិយាយកាលពីម្សិលមិញថា ខ្លួនបានបណ្ដេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងចេញពីប្រទេសប៉េរូដោយសារប្រទេសកូរ៉េខាងជើងមិនព្រមគោរពតាមការអំពាវនាវជាបន្តបន្ទាប់របស់ពិភពលោកសុំឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។
ក្រសួងការបរទេសប្រទេសប៉េរូបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងគឺលោក គីម ហាក់ឆូល មានរយៈពេល៥ថ្ងៃក្នុងការចាកចេញពីប្រទេសប៉េរូ។ វិធានការនេះគឺគ្រាន់តែជាប្ដេជ្ញាចិត្តរកដំណោះស្រាយសន្តិភាពចំពោះបញ្ហានេះ និងជាវិធានការមួយស្របតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិតែប៉ុណ្ណោះ។
សូមរំលឹកថា កាលពីសប្ដាហ៍មុនប្រទេសម៉ិកស៊ិកក៏បានចាត់វិធានការដូចប្រទេសប៉េរូនេះដែរដោយបានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេសផងដែរ ក្រោយពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក ម៉ៃ ផេន បានអំពាវនាវកាលពីសប្ដាហ៍មុនសុំឲ្យបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីនចូលរួមធ្វើឲ្យប្រទេសកូរ៉េខាងជើងក្លាយជារដ្ឋឯកោ។
គួរបញ្ជាក់ថា នៅដើមខែនេះប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងបំផុតធ្វើឲ្យពិភពលោកមានថ្កោលទោសយ៉ាងខ្លាំង ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថា ភាពសុខសាន្តនឹងមិនមានទេ៕