យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីទៀតលើប្រទេសកូរ៉េខាងជើងវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់រដ្ឋកុម្មុយនិស្តមួយនេះ ខណៈចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់ព្យុងយ៉ាង បានបង្ហាញជំហគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះ។
សេចក្តីសម្រេចខាងលើ ដែលជាចំណាត់ការសកម្មភាពលើកបីហើយនោះរបស់ UNSC ពាក់ព័ន្ធនឹងកូរ៉េខាងជើងក្នុងអំឡុងពេល ០៥សប្តាហ៍ ចុងក្រោយនេះមានគោលដៅធ្វើការ កាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជានាំចូលប្រេងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងអត្រាជិត ៣០ភាគរយ ហើយដាក់បំរាមលើការនាំចេញវាយនភណ្ឌគ្រប់ប្រភេទ ដែលមានតម្លៃប្រមាណ ៨០០លានដុល្លារ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជេង ហ្សង Geng Shuang បានថ្លែងថា ទីក្រុងប៉េកាំង គាំទ្រទាំងស្រុងឲ្យ UNSC ចាត់វិធានការចាំបាច់ផ្សេងៗ ទាក់ទិននឹងការធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសហប្រជាជាតិលោក កូរ៉ូ បេសូ បាននិយាយថា សេចក្ដីសម្រេចចិត្តថ្មីនេះគឺជាការអំពាវនាវបន្ទាន់មួយសុំឲ្យប្រទេសកូរ៉េខាងជើងផ្លាស់ប្ដូរទង្វើរបស់ខ្លួន។ ចំណែកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំសហប្រជាជាតិលោក ម៉ាស៊ូ រីក្រូហ្វ បាននិយាយថា វិធានការដែលបានអនុម័តចំពោះរបបក្រុងព្យុងយ៉ាងនេះគឺការជាបន្ថែមពីលើទណ្ឌកម្មតឹងរ៉ឹងបំផុតរបស់សហប្រជាជាតិដែលបានដាក់ទៅលើប្រទេសណាមួយនៅសតវត្សរ៍ទី២១នេះ។ ទន្ទឹមនេះដែរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហប្រជាជាតិគឺលោកស្រី នីកគី ហាឡេយ៍ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វិធានការពាក់កណ្ដាលដែលបានដាក់ទៅលើរបបកូរ៉េខាងជើងគឺមិនទាន់បានអនុវត្តនៅឡើយទេ។
សូមបញ្ជាក់ថា សេចក្ដីសម្រេចចិត្តសហប្រជាជាតិនេះបានសម្រេចបន្ថែមទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងមិនឲ្យនាំចូលឧស្ម័នធម្មជាតិគ្រប់ប្រភេទទាំងអស់។
សេចក្ដីសម្រេចចិត្តនេះក៏បានហាមឃាត់គ្រប់ប្រទេសទាំងអស់មិនឲ្យទទួលយកកម្មករមកពីប្រទេសកូរ៉េខាងជើងព្រមទាំងហាមឃាត់មិនឲ្យប្រទេសកូរ៉េខាងជើងនាំចេញគ្រឿងវាយនភណ្ឌផងដែរព្រោះប្រភពទាំង២នេះគឺជាកត្តាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ៕