ខេត្តក្វាងស៊ី ៖ លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រីចិន បានប្រកាសពេញទំហឹង ដើម្បីជួយប្រទេសកម្ពុជា មិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ព្រោះបដិវត្តន៍ពណ៌វានឹងនាំឲ្យប្រទេសមួយនេះរងការហិនហោច ។
ការប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី Zhang Gaoli បានធ្វើឡើងនៅក្នុងពេលជួបពិភាក្សា និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ទីដែលសម្តេចតេជោ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក FN បានឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក Zhang Gaoli បានពិភាក្សាគ្នាជាច្រើនទៅលើការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នានាទាំងក្រុមខណ្ឌទ្វេភាគីកម្ពុជា-ចិន និងក្នុងក្របខណ្ឌចិន-អាស៊ាន។ លោក Zhang Gaoli ក៏បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ដែលបានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។
ក្រៅពីសន្យាជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ព័រណ៍នៅកម្ពុជាហើយនោះ លោកឧបនាយករដ្ឋមន្ត្រីចិន ក៏បានសន្យាផ្តល់ជំនួយសម្រាប់ដំណើរការ បោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ និងជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោក Zhang Gaoli ក៏បានប្រកាសផ្តល់ជំនួយសពបែបយ៉ាងទាំងអស់តាមសំណើរបស់កម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេសដែលជាបងប្អូនដ៏ស្និទ្ធស្នាលមួយនេះ ៕