ខេត្តកំពង់ធំ: អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារស្ទោង ស្រុកស្ទោង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ត្រូវក្រុមចោរប្លន់មានគ្នីគ្នា៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងអាកាគ្រប់ដៃ ប្លន់យកអស់គ្រឿងអល្លង្ការប្រមាណ៦០តម្លឹង រួចគេចខ្លួនបាត់ភ្លាមៗ។
អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃដដែលនេះថា ខណ:កំពុងមានករណីប្លន់ប្រដាប់អាវុធកើតឡើងនៅផ្សារស្ទោង ស្រាប់តែមានអគ្គិភ័យ បានឆាបឆេះលំនៅឋានរបស់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ជូ សំអាន ស្ថិតនៅទល់មុខស្នងការដ្ឋាននគរបាលខេត្ត ក្រុងស្ទឹងសែន ។
លោក គង់ វិមាន បានបញ្ជាក់ថា នៅវេលាម៉ោង ៣និង៣០នាទីនោះ ស្រាប់តែ មានក្រុមចោរប្លន់ ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងអាកា ៦ដើម បានចូលទៅភ្ជង់ក្រុម អាជីវករលក់មាសប្តូរប្រាក់ នៅផ្សារស្ទោង ដោយវាយបំបែកទូរមាស ចំនួន ៥ទូរ ។
លោក គង់ វិមាន បានបន្តថា ម្ចាស់តូបទី១ឈ្មោះឆង ឡូន, ទី២ឈ្មោះ ហុង ផារី, ទី៣ឈ្មោះ អុឹង ប៊ុនឆាយ ប្កន់អស់ផ្លាកទីន ១០ខ្សែ, ទី៤ឈ្មោះ អ៊ួន សុីចាន់ ជាម្តាយ និងទី៥ឈ្មោះ អុង សោហ៊ួយ ជាកូនស្រី អស់គ្រឿងអលង្ការ ជាង១០០តម្លឹង និងម៉ូតូសេ១២៥ ស៊េរី០១២ មួយគ្រឿង ។
តាមលោក គង់ វិមាន ក្រោយកើតហេតុ ក្រុមចោរ ទាំង៦នាក់ បានបើកម៉ូតូជិះ ចេញគេចខ្លួនទៅតំបន់វាល ក្រោមខណ:ដែលកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាជួយដេញតាមក្រុម ចោរទាំងនោះផងដែរ ។ ប៉ុន្តែគិតត្រឹមវេលាម៉ោង ៦ល្ងាចថ្ងៃដដែលនេះ មិនទាន់ បានចាប់ខ្លួនក្រុមចោរទាំងនេះទេ ។
ដោយឡែកផ្ទះរបស់ ស្នងការនគរបាលខេត្ត លោក ជូ សំអាន ឈើលើថ្មក្រោម ទំហំ ១៨គុណ១១ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ខណ:ដែលពុំមានអ្នកនៅក្នុង ផ្ទះ ប៉ុន្តែត្រូវបានកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរនោះ ចេញជួយអន្តរាគមន៍វាញ់ពន្លត់ខណ:ដែលមូលហេតុពិតប្រាដក នៅមិនទាន់ដឹងនៅឡើយទេ៕ផ្ទះលោកស្នងការខេត្តដែលត្រូវភ្លើងឆាបឆេះ