ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​បញ្ឈប់​ការ​ពិសា​ស្រាស និង​ស្រាថ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​១២ កញ្ញា នេះ បានធ្វើការ​អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បញ្ឈប់ ការទទួល​ទាន​ស្រាស និង​ស្រាថ្នាំ ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដើម្បី​ចៀសផុត​គ្រោះអាសន្ន​នៃ​ការពុល​អាហារ ។​
​សូមជម្រាបថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​បានលើកឡើង នៅក្នុង​សិក្ខាសាលា​មួយ​ស្ដី ពី​វិធាន​ការបង្ការ ការពុល​ចំណីអាហារ និង​ការពុល​មេ​តា​ណុល ថា ក្រសួង​សូម​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ នូវ​ការបរិភោគ​ស្រាស ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​
​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា ការពុល​អាហារ​ភាគច្រើន​បណ្ដាលមកពី ការរៀបចំ​អាហារ​មិនមាន​អនាម័យ​ល្អ ទាំង​ក្នុង​ចំណីអាហារ និង​ការរៀបចំ​ទុកដាក់ ពិសេស​ស្រា ដែល​ផលិត ឬ​បិត ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ៕