ប៉ារីស ៖ កាលពីម្សិលមិញក្រុមសហជីពបារាំងប្រមាណ៦០,០០០នាក់បានចូលរួមក្នុងបាតុកម្មក្នុងទីក្រុងប៉ារីសតវ៉ាប្រឆាំងជំទាស់នឹងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មី ស្នើឡើងដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយ អែល ម៉ាក្រុង ព្រមពេលជាមួយគ្នា ប៉ូលិសបារាំងបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ។ នេះបើតាមសារព័ត៌មាន Sputnik ។
អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីក្រុមបាតុករស្លៀកឈុតខ្មៅមួយចំនួន បានប៉ះទង្គិចជាមួយកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដោយពួកគេ បានជេរប្រមាថ និងគប់គ្រាប់បែកផ្សែងជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើឧស្ម័នបង្ហូទឹកភ្នែកបំបែកហ្វូងបាតុករទាំងនេះ។ ទន្ទឹមនោះក្រុមបាតុករស្លៀកឈុតខ្មៅ ក៏បានបំផ្លាញអគារ និងបាញ់ថ្នាំពណ៌លើកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។ ទោះបីយ៉ាងណាភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។
ការធ្វើកំណែទ្រមង់ច្បាប់ការងារត្រូវបានលោកម៉ាក្រុង បង្ហើបជាសាធារណៈកាលពីចុងខែសីហា។ វិធានការនៃកំណែទម្រង់នេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចបារាំង តាមរយៈការសម្រួលដល់និតិវិធីបណ្ដេញ និងជួលបុគ្គលិក ព្រមទាំងអនុញ្ញាតឱ្យវិវាទការងារមួយចំនួន ត្រូវដោះស្រាយ ឬក៏ចរចាដោយផ្ទាល់នៅថ្នាក់ក្រុមហ៊ុន។ ក៏ប៉ុន្តែ កំណែទម្រង់នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហជីពបារាំង ត្បិតពួកគេយល់ថាវាធ្វើឱ្យប៉ះពាល់ដល់តុល្យភាពរវាងកម្មករ និងនិយោជក៕