យូអិន ៖ លោក អង់តូនីញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាគឺមិនអាចទទួលយកបានទេ ហើយលោកបានជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះផ្អាកប្រតិបត្តិការយោធា។ការថ្លែងបែបនេះរបស់លោកធ្វើឡើងនៅក្នុងសន្និសីទកាសែតពីកាលម្សិលមិញ។
ជាមួយគ្នានោះលោក អង់តូនីញ៉ូ ហ្គូធឺរ៉េស បានថ្លែងថា រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាត្រូវតែលើកតម្កើងនីតិរដ្ឋ និងត្រូវផ្ដល់សិទ្ធិដល់ពលរដ្ឋរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែសនោះឲ្យត្រឡប់ទៅរស់នៅក្នុងលំនៅឋានពួកគេវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមនោះលោក ហ្គូធឺរ៉េស បានក៏ជំរុញឲ្យមានការបញ្ចប់អំពើហិង្សា និងអំពាវនាវឲ្យអាជ្ញាធរប្រទេសមីយ៉ាន់ម៉ាផ្ដល់សញ្ជាតិ ឬផ្ដល់ឋានៈស្របច្បាប់ដល់ពលរដ្ឋរ៉ូហ៊ីងយ៉ាទាំងនេះដើម្បីឲ្យពួកគេអាចធ្វើការងារ និងទទួលបានការអប់រំព្រមទាំងការគាំពារសុខភាពផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងនៅរដ្ឋរ៉ាក់ឃីននៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៥ខែសីហាមកទល់នឹងពេលនេះគឺមានពលរដ្ឋរ៉ូហ៊ីងយ៉ាជិត៣៨ម៉ឺននាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស៕