ឆេះសាលារៀនមួយនៅម៉ាឡេស៊ីបណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់
គូឡាឡាំពួរ ៖ សារព័ត៌មាន Sputnik ចេញផ្សាយនាព្រឹកនេះថា វេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលារៀនមួយកន្លែងក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីត្រូវបានអគ្គិភ័យឆាប់ឆេះ ដោយបណ្តាលឲ្យឲ្យមនុស្ស២៥នាក់ស្លាប់ ក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។
មន្ត្រីពន្លត់អគ្គិភ័យរបស់ម៉ាឡេស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក The Star ថា «យោងតាមព័ត៌មាននាដំណាក់កាលនេះសិស្ស និងគ្រូបង្រៀនសរុប២៥នាក់បានបាត់បង់ជីវិត»។ ពុំទាន់មានព័ត៌មានបញ្ជាក់អំពីមូលហេតុ ដែលបានបង្កជាគ្រោះអគ្គិភ័យនេះឡើយ ខណៈដែលក្រុមពន្លត់អគ្គិភ័យក្នុងទីក្រុងបានបង្ហាញក្តីព្រួយបារម្ភ ចំពោះប្រព័ន្ធសុវត្ថិភាពនៃសាលារៀនសាសនាឯកជនជាច្រើនផ្សេងទៀត៕