ខេត្តស្ទឹងត្រែង៖ ឃាតកដែលបានបាញ់ សម្លាប់ស្ត្រីលក់សំលៀកបំពាក់ក្នុងផ្សារខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃ០៧ ខែមិនា កន្លងមក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។ជនសង្ស័យជាឃាតកត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ ហើយព្រោះតែរឿងសុំប្រពន្ធរួមរស់ជាមួយគ្នាវិញជាច្រើនលើកមិនបានទើបបង្កជាករណីឃាតកម្មនេះកើតឡើង។
មន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិដ៏ក្តៅគគុករបស់កម្លាំងសម្ថកិច្ចអាវុធហត្ថ ខេត្តស្ទឹងត្រែងបានសហការជាមួយអាវុធហត្ថខេត្តរតនៈគីរី ឈានទៅដល់ចាប់ឃាត់ខ្លួននៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនៈគីរី និងបានបញ្ជូនខ្លួនមកដល់ខេត្តស្ទឹងត្រែងនៅម៉ោង១៩និង៣០នាទីយប់ ថ្ងៃដដែល។
សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ តូមីស សែល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើករថយន្តអោយលោកឧត្តមសេនីយ៍ត្រី ស្វាយ សុទ្ធី ត្រូវជាពូរបស់គេ។
សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា ក្រោយពីមានករណីបាញ់សម្លាប់នេះ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការបញ្ជាគ្រប់មូលដ្ឋានទាំងអស់ និងបានសហការជាមួយអាវុធហត្ថខេត្តរតនៈគីរី និងផ្តល់អត្តសញ្ញាណជនសង្ស័យ ក្រោមការអះអាងរបស់ឪពុកស្ត្រីរងគ្រោះ។ ស្ថិតក្រោមការតាមប្រមាញ់របស់សមត្ថកិច្ច ទើបឈានទៅដល់ការឃាត់ខ្លួនឃាតករបាននៅចំណុចខាងលើ និងបានដកហូតអាវុធខ្លីម៉ាកឡុក(CF)មួយដើមលេខ៦៦៣២ គ្រាប់ចំនួន៧គ្រាប់ បង់មួយ និងបានបញ្ជូនខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីសាកសួរ។
គួររលឹកថា កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ នារីដែលជាអាជីវក ត្រូវជនមិនស្គាល់មុខបាញ់ បណ្ដាលឲ្យស្លាប់។នារី ដែលត្រូវបានឃាតករបាញ់សម្លាប់ មានឈ្មោះរស្មី ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរលក់សម្លៀកបំពាក់ក្នុងផ្សារខេត្តស្ទឹងត្រែង និងមានទីលំនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ចំណែកឯជនសង្ស័យបន្ទាប់ពីបាញ់ស្ត្រី រូបនោះរួចបានរត់គេចខ្លួនបាត់តែម្តង។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះមកលក់ដូរ នៅផ្សារដូចសព្វ ដង នៅពេលដែលស្ត្រីរងគ្រោះ កំពុងដេក លើអង្រឹង ក្នុងតូបលក់ខោអាវរបស់ខ្លួនក៏ត្រូវ ជនមិនស្គាល់ មុខលួចបាញ់ពីក្រោយចំនួន៥ គ្រាប់ បណ្តាល ឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យខេត្ត។
បច្ចុប្បន្ន ជនសង្ស័យ រួមតាំងវត្ថុតាងខាងលើ កំពុងឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចជំនាញ ដើម្បីរៀបចំឯកសារពាក់ព័ន្ធក្នុងករណីឃាតកម្មមុននឹងបញ្ជូនខ្លួនទៅកាន់ អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕