បាងកក ៖ មន្ត្រីប៉ូលិសថៃម្នាក់បានស្លាប់ និង១៨នាក់ផ្សេងបានទទួលរងរបួសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បង្កៃចំនួន០៣គ្រាប់ ត្រូវបានគេបំផ្ទុះបន្តបន្ទាប់គ្នា នៅខេត្តយ៉ាឡា ភាគខាងត្បូង ប្រទេសថៃ កាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ីនហួរ។
ប៉ូលិសនិយាយថា គ្រាប់បែកទីមួយបានផ្ទុះនៅជាប់បង្គោលខ្សែភ្លើងមួយកន្លែង ប៉ុន្តែពុំបានបង្កឲ្យមនុស្សរងគ្រោះឡើយ ហើយហេតុការណ៍នេះក៏ត្រូវបានរាយការណ៍ដល់ប៉ូលិស។ ក្រោយមកក្រុមជំនាញខាងគ្រឿងផ្ទុះ ក៏ត្រូវបានបញ្ជូនឲ្យទៅត្រួតពិនិត្យមើលកន្លែងកើតហេតុ តែពួកគេស្រាប់បានរងរបួសដោយសារ ការផ្ទុះនៃគ្រាប់បែកមួយគ្រាប់ផ្សេងទៀត និងដោយការឈ្លបវាយប្រហារពីក្រុមឧទ្ទាមថែមទៀត ហើយបន្ទាប់មកទៀត គ្រាប់បែកទីបីក៏បានផ្ទុះឡើង។
ទោះបីយ៉ាងណាកម្លាំងប៉ូលិសសរុប ១៩នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយម្នាក់ក្នុងចំណោមនោះ បានបាត់បង់ជីវិតទៅហើយ៕