ខេត្តកំពង់ធំ៖ ខ្មាន់កាំភ្លើង៦នាក់ មានអាវុធអាកាគ្រប់ដៃបានធ្វើសកម្មភាពប្លន់ទ្រង់ទ្រាយធំវាយកម្ទេចទូលក់មាស និងប្តូរប្រាក់របស់អាជីវករនៅក្នុងផ្សារស្ទោង ប្រមាណ៥ទូ ប្រមូលយកគ្រឿងអលង្ការសរុបប្រមាណជាង១០០តម្លឹង ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលារសៀលម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
មន្ត្រីនគរបាលស្រុកស្ទោង បានឲ្យដឹងថា ម្ចាស់តូបរងគ្រោះ ទាំង៥ទូនោះ រួមមាន៖ ទី១.ឈ្មោះ ឆង ឡូន, ទី២.ឈ្មោះ ហុង ផារី, ទី៣.ឈ្មោះ អ៊ឹង ប៊ុនឆាយ ប្លន់យកមាសប្លាទីន ១០ ខ្សែ, ទី៤.ឈ្មោះ អ៊ួន ស៊ីចាន់ ជាម្តាយ និងទី៥.ឈ្មោះ អុង សោហ៊ួយ ជាកូនស្រី បានបាត់បង់មាស ជាគ្រឿងអលង្ការ ជាង ១០០ តម្លឹង និងម៉ូតូហុងដា សេ១២៥ ស៊េរី០១២ មួយគ្រឿង។
មន្ត្រីនគរបាលបន្តទៀតថា មុនពេលកើតហេតុ មានក្រុមចោរ ចំនួន៦នាក់ បានបន្លំខ្លួនធ្វើជាអ្នកទិញមាស លុះឱកាសស្ងាត់ ក៏យកកាំភ្លើងអាកាចំនួន៦ដើមចេញភ្ជង់ម្ចាស់ទូមាស៥កន្លែងជាប់ៗគ្នាព្រមទាំងបានវាយបំបែកទូយកមាសបានសម្រេច ហើយរត់គេចខ្លួនទៅបាត់។
ក្រោយពីក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់រួច លោកបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងស្រុកស្ទោង និងកម្លាំងអធិការ ចុះតាមយ៉ាងប្រកិត ពីក្រោយក្រុមចោរ ទាំង៦នាក់នោះ។
សមត្ថកិច្ចបានបន្តទៀតថា មុខសញ្ញាចោរទាំងនេះ បាននាំគ្នារត់ មកផ្នែកខាងក្រោម នៃបឹងទន្លេសាប រហូតមកដល់វេលាម៉ោង ១០យប់ ថ្ងៃកើតហេតុ សមត្ថកិច្ចកំពុងតែហ៊ុមព័ទ្ធព្រៃរនាមនៅឡើយ ដោយសង្ស័យថា ក្រុមចោរបានលាក់ខ្លួននៅក្នុងព្រៃលិចទឹកនេះ។
ចំណែកលោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងទទួលព្រហ្មទណ្ឌបានដឹកនាំកម្លាំងព័ទ្ធនៅឃុំប្រឡាយ ព្រមទាំងកម្លាំងដទៃទៀតបានស្ទាក់គ្រប់ច្រកល្ហក ដើម្បីចាប់ឧក្រិដ្ឋជនទាំងនេះមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
ទូលក់មាស និងប្តូប្រាក់ដែលក្រុមប្លន់វាយកម្ទេច