ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះចាប់បុរសញៀនថ្នាំម្នាក់ដែលចាប់បង្ខាំងប្រពន្ធធ្វើទារុណ្ឌកម្មយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង១២ម៉ោង ទើបអាចរំដោះយកស្ត្រីជាភរិយានោះបាន ខណៈដែលបុរសញៀនថ្នាំជាប្តីស្រែកគំរាមសម្លាប់។
មន្ត្រីអាជ្ញាធរមួយរូបបានឲ្យដឹងថា ដោយសារបុរសជាប្តីម្នាក់បានញៀនថ្នាំ ដល់កម្រិត ទើបគេដាច់ចិត្តចាប់បង្ខាំងប្រពន្ធខ្លួនទុកក្នុងផ្ទះធ្វើទារុណកម្ម វាយដំនឹងប្រនង់ កាប់នឹងពូថៅ គំរាមសម្លាប់ បង្កឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែអាចចាត់ទុកថាជាសំណាងល្អសម្រាប់ស្ត្រីជាភរិយា ព្រោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះជួយអន្តរាគមន៍រំដោះយកចេញពីចំណុចដ៏គ្រោះថ្នាក់នោះបានទាន់ពេលវេលាដោយអស់ រយៈពេល១២ម៉ោង។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើងឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ រហូតដល់វេលាម៉ោង២រសៀល ទើបរំដោះចំណាប់ខ្មាំងជាប្រពន្ធបាន តែបានរងរបួស១ពូថៅ ត្រូវចិញ្ចើមរបួសធ្ងន់ធ្ងរត្រូវបានសាច់ញាតិបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
សមត្ថកិច្ចបន្តថា ស្ត្រីជាប្រពន្ធឈ្មោះឡេង នី អាយុ៣០ឆ្នាំ នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ បានរងរបួសចំចិញ្ចើម១ពូថៅ ដោយសារបុរសជាប្តីញៀនថ្នាំ ឈ្មោះ ក្រី ភណ្ឌ័ អាយុ៣៣ឆ្នាំ ធ្វើរទារុណកម្ម បង្ខាំងទុកក្នុងផ្ទះ យកប្រនង់វាយ និងពូថៅកាប់ទៅលើប្រពន្ធ ហើយគំរាមមិនឲ្យនណាចូលទៅជួយនោះឡើយ។
សមត្តកិច្ចបានបន្តឲ្យដឹងទៀតថា រហូតដល់ម៉ោង៧យប់ថ្ងៃដដែល ជនសង្ស័យបានព្យាយាមទម្លាយជញ្ជាំងលោតចុះពីលើផ្ទះរត់គេចខ្លួនសំដៅទៅវាលស្រែក្រៅភូមិ ប៉ុន្តែទីបំផុតត្រូវកម្លាំងចម្រុះពទ្ធ័ចាប់ខ្លួនបាន និងបញ្ជូនតាមរថយន្តមកកាន់អធិការស្រុកដើម្បីចាត់ការតាមនិតិវិធី ប៉ុន្តែមិនទាន់ដឹងថាគេញៀនថ្នាំអ្វីខ្លះនោះទេ៕