គណបក្ស​លោកស្រី Angela Merkel ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជា​អធិការបតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

ប៊ែ​រ​ឡាំង ៖ ទីបំផុត​គណបក្ស Christian Democrat party’s របស់លោក​ស្រី Angela Merkel ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ក្លាយជា​អធិការបតី​៤​អាណត្តិ​ជាប់ៗ​គ្នា បន្ទាប់ពី​ធ្វើការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដែលមាន​ប្រជាជន​អាល្លឺម៉ង់​៦១.៥​លាន​នាក់​បាន​ចូលរួម​បោះឆ្នោត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sky News​។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ការិយាល័យ​បោះឆ្នោត បានចាប់ផ្ដើម​បើកទ្វារ​នៅ​ម៉ោង​ប្រមាណ ៨ និង​០០​នាទី រហូតដល់​ម៉ោង​១៨ និង​០០​នាទី (​ម៉ោង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​) ហើយ​លទ្ធផល​ដំបូង​ត្រូវបាន​ចេញផ្សាយ បន្ទាប់ពី​ការិយាល័យ​បោះឆ្នោត​ទាំងអស់​បិទទ្វារ​។​
​គណបក្ស Christian Democrat party’s (CDU) របស់លោក​ស្រី ទទួលបាន​ជ័យជម្នះ​ដោយ​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន លោកស្រី Angela Merkel បន្ត​កាន់តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​០៤ អាណត្តិ​ជាប់ៗ​គ្នា ខណៈ​នៅ​អាល្លឺម៉ង់​មិនមាន​ការកំណត់​អាណត្តិ​អធិការបតី​ឡើយ​។ ប៉ុន្តែ​ចាប់តាំងពី​ជំនាន់​អធិការបតី​អាល្លឺម៉ង់ លោក Helmut Kohl មិនទាន់មាន​អ្នកនយោបាយ​អាល្លឺម៉ង់​ណា​ម្នាក់ អាច​កាន់តំណែង​នេះ​បាន​ច្រើនជាង​១៦​ឆ្នាំ​ឡើយ​៕