គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំណត់ពេល​២០​ថ្ងៃ​ផ្លាស់ប្តូរ​រូប​សញ្ញា​គណបក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានកំណត់​ពេល​ចន្លោះ​ពី​១០ ទៅ​២០​ថ្ងៃ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ស្លាក​សញ្ញា គណបក្ស​ថ្មី​នៅ​ទូទាំងប្រទេស ឱ្យស្រប​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ទើបនឹង​ចូល​ជា​ធរមាន​កន្លងទៅ​ថ្មីៗ​នេះ​។ នេះ​បើតាម​ការអះអាង របស់ លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​លោក ញ៉េប ប៊ុនជិន បានឱ្យដឹងថា ការកំណត់​រយៈពេល​នេះ គឺ​គិត​ចាប់ពី​ថ្ងៃ​ដែល​គណបក្ស​រៀបចំ​សមាជ កាលពី​ម្សិលមិញ ដោយ​ក្នុងនោះ​គណបក្ស​គ្រោង នឹង​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​ដំឡើង​ស្លាក​គណបក្ស​ថ្មី​នៅ​ទូទាំងប្រទេស​កម្ពុជា​តែម្តង​។​
​សូម​រម្លឹកថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានរៀបចំ​សមាជ​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ ដោយ​សម្រេច​ឱ្យ​ដក​រូប​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចេញពី​ស្លាក​សញ្ញា​គណបក្ស ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ច្បាប់​ស្តីពី គណបក្សនយោបាយ​ថ្មី​។
​សូមបញ្ជាក់ថា ច្បាប់​គណបក្សនយោបាយ​ថ្មីៗ​នេះ មិន​អនុញ្ញាតឱ្យ គណបក្សនយោបាយ​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា ប្រើប្រាស់​ឈ្មោះ ឬ​រូប​របស់ រូបវ័ន្ត​បុគ្គល នៅក្នុង​ឈ្មោះ​ឬ​រូប​សញ្ញា គណបក្ស​ឡើយ​៕