លោក សុខ ឥសាន ៖ CNRP ដើរចូល​ជុច​ដោយ​ខ្លួនឯង​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥសាន បាន​ថ្លែង​បញ្ជាក់ប្រាប់ សារព័ត៌មាន​ក្នុងស្រុក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដាក់​ស្លាក​សញ្ញា នៅតាម​គ្រប់​ស្នាក់ ការ​បក្ស នៅ​ទូទាំង រាជធានី​-​ខេត្ត ដើម្បី​ស្នើសុំ​ឲ្យ មានការ​ដោះលែង​លោក កឹម សុខា នោះ​គឺ​គណបក្សប្រឆាំង​មួយ​នេះ កំពុង​ដើរចូល​ជុច​ដោយ​ខ្លួនឯង​ហើយ ហើយ​កុំ​បន្ទោស​អ្នកណា​ឲ្យ​សោះ ។​
​លោក សុខ ឥសាន បាន​លើកឡើងថា ថ្នាក់ដឹកនាំ​បក្សប្រឆាំង បាន​ប្រជុំ​ដាក់​ផែនការ ឲ្យ​គណ​ប្រតិបត្តិ គណបក្ស គ្រប់​ខេត្ត ក្រុង​លើក​បដា​តវ៉ា​ឲ្យ​តុលាការ​ដោះលែង ឯ​ឧ កឹម សុខា នៅ​ទូទាំងប្រទេស ។ នេះ​ស​បញ្ជាក់ថា គណបក្សប្រឆាំង​ទាំងមូល​កំពុងតែ​ចូលរួម​ក្នុង ចលនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដូច លោក កឹម សុខា ដែរ មិនអាច​ប្រកែក​បានឡើយ ។​
​អ្នកនាំពាក្យ CPP បាន​អះអាងថា ប្រសិនបើ​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ប្រឈម ចំពោះ មុខ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ហើយ ហើយ​ត្រូវតែ​ទទួលខុសត្រូវ​ខ្លួនឯង មិនអាច​បន្ទោស លើ​អ្នកដទៃ ប្ញ​គណបក្ស​ដទៃ​បានទេ ។ លោក​បន្តថា បើ​ក្រសួងមហាផ្ទៃ យល់ឃើញថា គណបក្ស ប្រឆាំង​មាន​ពិរុទ្ធភាព ចំពោះ​មាត្រា​ណាមួយ​នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃ​មាន សិទ្ធិ​ធ្វើសំណើរ​ទៅ​តុលាការ​កំពូល ដើម្បី​ពិនិត្យ​និង​ពិចារណា​សម្រេច​លើ​ពិរុទ្ធភាព​នោះបាន ។​
​ការលើកឡើង​របស់លោក សុខ ឥសាន មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈមមុខ នឹង​ការរំលាយចោល ប្រសិនបើ​គណបក្ស​នេះ​អនុវត្តតាម​ផែនការ​ដែល​បាន​ថ្លែង​ដោយ​លោក ស៊ុន ឆ័យ កាលពី​ព្រឹក​មិញ ក្នុង​ស​ន្និសិទ​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ៕