លោក ឃួ​ង ស្រេង ៖ ប្រឡាយ​លូ​មួយចំនួន​ត្រូវ​ប្រជាពលរដ្ឋ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ប្រឡាយ​និង​លូ មួយចំនួន​ពិតជា​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ មិនមែន​ចេះតែ​ឃើញ​ដៃ​យកដៃ ឃើញ​ជើង​យក​ជើង​នោះទេ ពោលគឺ​យើង​ត្រូវ​ដោះស្រាយ ជាមួយ​ពួកគាត់​តាម​សម្រួល ទៅតាម​អ្វីដែល​យើង​អាច​ធ្វើបាន ។​
​យ៉ាងណាក៏ដោយ លោក ឃួ​ង ស្រេង បាន​ថ្លែង​អះអាងថា សកម្មភាព​ស្តារ កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹកជា​ការងារ​មួយ​ដាច់ខាត ត្រូវតែ​ធ្វើ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់​នេះ ដោយ​មិន​ទុក​ឲ្យ​ស្ថានភាព​ដដែលៗ​នេះ​នៅ​បន្ត​អូសបន្លាយ​ទៀតឡើយ ។​
​ទន្ទឹម​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រង់​ស្ថិតិ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នកមាន​ប្រាក់​មួយចំនួន ដែល​រំលោភ​យក​ដី​ចំណី​ប្រឡាយ ចាក់ដី​ក្នុង​ប្រឡាយ​និង​បញ្ជាក់​ពី​ទំហំ​ប្រឡាយ​ឲ្យ​បាន​ច្បាស់ ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ ហើយ​ផ្ញើ​ទៅ​ឲ្យ​លោក​ជាបន្ទាន់ ដើម្បី​ឲ្យ​លោក​អាច​ជម្រុញ ការងារ​នេះ​បាន​លឿន បំពេញ​ទៅតាម​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​ចង់បាន ៕