ភ្នំពេញ: ក្រុមយោធាដែលយាមដីអោយ លោកឧកញ៉ា ឃុន សៀ បានព្រួតគ្នាវាយទៅលើប្រជាពលរដ្ឋ បណ្តាលអោយបែកក្បាល និងរងរបួស។
ការប្រើអំពើហិង្សានេះ បានកើតឡើង ដោយសារតែប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ផ្លូវ ដែលលោកឧកញ៉ាឃុន សៀ បានបិទ និងដាក់កម្លាំងការពារ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមីនា នេះ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បន្ទាប់ពីមានអំពើហិង្សា ប្រជាពលរដ្ឋបាននាំគ្នាតវ៉ា នៅមុខសាលាខណ្ឌមានជ័យ ដោយបានលើកបដាតវ៉ា។
សូមជម្រាបថា ប្រជាពលរដ្ឋ រស់នៅភូមិព្រែកតាគង់២ និងភូមិព្រែកតាគង់៣ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងតវ៉ា ជាមួយលោកឧកញ៉ា ឃុន សៀ ធ្វើរបងស័ង្កសី បិទផ្លូវប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរ ដោយសារតែមាន ឧកញ៉ា ឃុន សៀ។ ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ គឺមានការដុតកង់ឡាន និងលើកបដា ស្រែកតវ៉ាទាមទារ ឲ្យក្រុមហ៊ុនបើកផ្លូវ។ រហូតមកដល់ពេលនេះ នៅមិនទាន់ មានដំណោះស្រាយ នៅឡើយទេ។
នៅក្នុងការធ្វើបាតុកម្ម ប្រជាពលរដ្ឋ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ដោយបានដុតកង់ឡាន និងទាញផ្តួលរំលំ របងស័ង្កសីបិទផ្លូវ មិនឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់។ ចំណែកលោកឧកញ៉ា បានដាក់កងកម្លាំងមួយចំនួន នៅក្នុងដីដោយខ្លាចមានប្រជាពលរដ្ឋ សម្រុកចូល។
យោងតាមលិខិតរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ផ្ញើជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋ នៅភូមិព្រែកតាគង់២ និងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ប្រមាណ៥០នាក់ ស្នើសុំអាជ្ញាធរ ជួយអន្តរាគមន៍ បើកផ្លូវទទឹង ១០ ម៉ែត្រ តភា្ជប់ពីផ្លូវភូមិ មកមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កាត់លើដីកម្មសិទ្ធិ របស់លោក ឃុន សៀ និងលោក ធាង ទ្រី តែការស្នើសុំនេះ ពុំទាន់មានការព្រមព្រៀង ពីម្ចាស់កម្មសិទ្ធិនៅឡើយទេ។
តំណាងប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់តវ៉ានេះ គឺសូមឲ្យក្រុមហ៊ុន បើកផ្លូវវិញ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរ។ ប្រជាពលរដ្ឋ មិនមែនចង់តវ៉ា ទៅបាញ់បោះ ជាមួយក្រុម ហ៊ុនទេ ហើយមិនចាំបាច់ ក្រុមហ៊ុនយកកម្លាំងទាហាន មកតតាំងជាមួយប្រជាពលរដ្ឋទេ៕cen