សៀមរាប៖ ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត បានលួចរត់ចេញពីផ្ទះចោលកូនស្រី និងប្តីដើរផឹកស៊ីជាមួយមិត្តភក្តិនៅខេត្តសៀមរាប ហើយក៏ជ្រុលជ្រួសភ្លេចគិតថាខ្លួនមានប្តី បានណាត់ប្រុសស្មេហ៍ឡើងឋានសួគ៌យ៉ាងត្រេកត្រអាលក្នុងផ្ទះសំណាក់ ត្រូវបានប្តីតាមទាន់ទាំងព្រឹក ហើយប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនបានទាំង២នាក់។ប៉ុន្តែបុរសជាប្រុសស្នេហ៍រូបនោះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈសុំនគរបាលថាទៅរកទិញទឹកបរិសុទ្ធផឹក។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ព្រឹក ថ្ងៃទី០៨ មីនា ២០១៥ ស្ថិតនៅក្រុមទី២ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាប បានប្រាប់ឲ្យដឹងថា ដោយទទួលបានពាក្យបណ្តឹងរបស់ជាប្តី សមត្ថកិច្ចក៍បានចុះទៅដល់ផ្ទះសំណាក់យីហោ (ព្រហ្មរត្ម័អ៊ីន) រួចចូលទៅក្នុងបន្ទប់លេខ១០១ ក៏ឃើញជនសង្ស័យទាំង២នាក់កំពុងដេកនៅផ្ទះសំណាក់នេះពិតប្រាកដមែន។
នគរបាលក្រុងសៀមរាប បន្តថា បន្ទាប់ពីឃើញភស្តុតាងជាក់ស្តែងយ៉ាងដូច្នេះ សមត្ថកិច្ចក៏បាននាំខ្លួនជនប្រុសស្រីទាំង២នាក់មកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើកដើម្បីធ្វើការសួរនាំ។
នគរបាលក្រុងសៀមរាប បានឲ្យដឹងទើតថា បុរសជាប្រុសស្នេហ៍មានឈ្មោះ តូន សុគរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅភូមិខ្លាខាំឆ្កែ ឃុំតាឡុំ ស្រុកមង្គលបុរី ខេត្តឧត្តរមានជ័យ និងស្ត្រីដែលត្រូវប្តីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនឈ្មោះ ព.ស.ហ អាយុ៣០ឆ្នាំ ជាបុគ្គលិកធនាគារមួយនៅខេត្តឧត្តរមានជ័យ រស់នៅ សង្កាត់-ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។
ចំណែកបុរសជាប្តីឈ្មោះ ជិន សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជានគរបាលក្រុងសំរោង រស់នៅជាមួយប្រពន្ធ មានកូនស្រីម្នាក់អាយុ២ឆ្នាំ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំរួចភាគីទាំងសងខាងបានសម្របសម្រួលត្រូវរ៉ូវគ្នាវិញ៕