​តុលាការ​កំពូល​ថៃ​ផ្តន្ទាទោសលោកស្រី យី​ង​ឡាក់ ដាក់ពន្ធនាគារ​០៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​បាងកក ៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​បាន​រត់​ភៀសខ្លួន​ទៅកាន់​បរទេស​កាលពី​ខែ​មុន ត្រូវបាន​តុលាការ​កំពូល​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ​សម្រេច​ប្រកាស​សាលក្រម​កាត់ទោស​កំបាំង​មុខ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​០៥​ឆ្នាំ​។ នេះ​បើតាម​សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។
​ទោះជា​បែបនេះ​ក្តី គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា រដ្ឋាភិបាលយោធា​ថៃ​នឹង​ស្នើ​ធ្វើ បត្យាប័ន​លោកស្រី ឬ​យ៉ាងណា​នោះទេ ខណៈ​តុលា​ការចេញ​ដីការ​ចាប់ខ្លួន​រួចហើយ​។​
​គួរ​បញ្ជាក់ថា លោកស្រី Yingluck ដែល​ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​សព្វថ្ងៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​កាលពី​ឆ្នាំ​២០១៤ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ ០៥​ឆ្នាំ សម្រាប់​ការធ្វេសប្រហែស ធ្វើឱ្យ​ខាតបង់​ថវិការដ្ឋ​ជាង​៨​ពាន់​លាន​ដុល្លារ​នៅក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទិញស្រូវ​ក្នុងតម្លៃ​ថ្លៃ​ពី​កសិករ​។ កម្មវិធី​ទិញស្រូវ នេះឯង​ជា​គោលនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ដែល​បាន​ជួយ​ឱ្យ​លោកស្រី​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថៃ​កាលពី​២០១១​។​
​តែ​យ៉ាងណាក៏ដោយ លោកស្រី Yingluck ធ្លាប់បាន​អះអាងថា លោកស្រី​គ្មាន​ទោស​ពៃ​អ្វី​ទាំងអស់ ហើយ​ថែមទាំង ចោទប្រកាន់​ដែរ​ថា​វា​គ្រាន់តែ​ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​។ ដោយឡែក​ក្រុម​អ្នកជំនាញ​មួយ​យល់ថា​សាលក្រម​នេះ មាន​គោលដៅ​លុបបំបាត់​ឥទ្ធិពល​នៃ​គ្រួសារ​ត្រកូល ថាក់ស៊ីន ចេញពី​ប្រទេស​ថៃ​៕