ខេត្តកំពង់ចាម ៖ គួរឲ្យរន្ធត់ ខណៈដែលបុរសម្នាក់បានយកពូថៅកាប់ចិញ្ច្រាំក្មួយបង្កើតរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំបណ្ដាលឲ្យសម្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏សាហាវនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ ហួន សារុំ អាយុ៣៧ឆ្នាំ ដោយក្មួយប្រុសបង្កើតដែលជនរងគ្រោះឈ្មោះ ហ៊ឹម សារ័ត្ន អាយុ៣ឆ្នាំ។ លោកបន្តថា ជនសង្ស័យជាមនុស្សវិកលចរឹកដែលក្រុមគ្រួសារ បានដាក់ច្រវ៉ាក់ក្នុងរោងក្រោយផ្ទះ ហើយនៅថ្ងៃកើតហេតុនេះ បានរបូតច្រវ៉ាក់ រួចក៏បានធ្វើសកម្មភាពយកពូថៅកាប់ចិញ្ច្រាំលើជនរងគ្រោះតែម្ដង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម។
ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុ និងចាប់បានជនសង្ស័យភ្លាមៗផងដែរ ដែលបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕