ម៉ិកស៊ិក ៖ អាជ្ញាធរម៉ិកស៊ិកបាននិយាយថា មនុស្សយ៉ាងតិចណាស់១៤នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយដែលបានកើតឡើងនៅឯមណ្ឌលព្យាបាលការញៀនថ្នាំមួយកន្លែងស្ថិតនៅក្នុងទីក្រុងឈីវ៉ាវ៉ា (Chihuahua) ភាគខាងជើងប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធម្សិលមិញ។
យោងតាមការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានបាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ អាជ្ញាធរបាននិយាយថា ក្រុមបុរសប្រដាប់អាវុធដែលមានពាក់ស្រោមមុខផងបានសម្រុកចូលទៅក្នុងមណ្ឌលនោះ ហើយបានបើកការបាញ់ប្រហារមិនរើសមុខទៅលើមនុស្សដែលនៅក្នុងនោះ។ ចំណែកក្រុមសាក្សីបាននិយាយថា ក្រុមអ្នកវាយប្រហារស្លៀកសំលៀកបំពាក់បែបយោធា និងមានកាន់កាំភ្លើងវែងគ្រប់ដៃ។
មូលហេតុដែលជម្រុញអោយមានការវាយប្រហារនោះមិនទាន់ត្រូវបានដឹងនៅឡើយទេនាពេលនេះ ប៉ុន្តែប៉ូលិសបាននិយាយថាជារឿយៗក្រុមជនអន្ធពាលគ្រឿងញៀនបានធ្វើការវាយប្រហារទៅលើមណ្ឌលព្យាបាលការញៀនថ្នាំនៅពេលដែលពួកគេសង្ស័យថាសមាជិកក្រុមជនអន្ធពាលគ្រឿងញៀនដែលជាគូប្រជែងរបស់ពួកគេកំពុងលាក់ខ្លួននៅទីនោះ៕