កាត់​ទោ​សបុរ​សជន​ជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១៤​គីឡូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​បើកសវនាការ កាត់ទោស បុរស ជនជាតិ​នី​ហ្សេ​រី​យ៉ា ម្នាក់​ពាក់ព័ន្ធ សំណុំរឿង​ជួញដូរ​គ្រឿងញៀន ជាង ១៤​គីឡូក្រាម ខណដែល​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ IHEONU GRABRIEL ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា ។​
​តុលាការ​បាន​ចោទប្រកាន់​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ នោះ​ពីបទ​រក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ១៤,៤៦៨.៥០​ក្រាម (​ជាង​១៤​គីឡូ​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រកទ្វា​ព្រំដែន អន្តរជាតិ​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ ។​
​យ៉ាងណាក៏ដោយ​នៅក្នុង​សវនាការ ជនជាប់ចោទ​ឈ្មោះ IHEONU GRABRIEL បាន​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​នោះទេ ដោយ​បញ្ជាក់ថា បងប្អូន​ជី​ដូច​មួយ​ខ្លួន ឈ្មោះ PERT បាន​ពឹងពាក់​ឱ្យជួយ​ទៅ​ទទួល​ឥ​វ៉ាន់ ជា​កាបូប​លុយ​ស្ត្រី ដែល​ផ្ញើ​មកពី​ប្រទេស​ចិន ដែលមាន​ឈ្មោះ JACKY ជា​អ្នក​ផ្ញើមក ។ ចំណែក​ខ្លួន​អត់​ដឹងថា កាបូប​នោះ មាន​បង្កប់​គ្រឿងញៀន​នោះទេ​។​
​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​នៅក្នុង​របាយ​ការណ៍​ថា សមត្ថកិច្ច​ច្រកទ្វា​ព្រំដែន​វៀតណាម បាន​រកឃើញ​គ្រឿងញៀន​ខាងលើ ត្រូវបាន​ផ្ញើមក​កម្ពុជា ទើប​សមត្ថកិច្ច​ប្រទេស​ទាំង​២ សហការគ្នា​រហូត​ឃាត់ខ្លួន​ជនជាប់ចោទ​បាន ។ បន្ទាប់មក​បាន​នាំ​ជនជាប់ចោទ​ទៅ​ឆែកឆេរ​បន្ទប់​ជួល រកឃើញ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១​គ្រឿង ស្លាបព្រា​កាហ្វេ និង​ថង់​ផ្លា​ស្ទីក​ច្រក​គ្រឿងញៀន​មួយចំនួនធំ បន្ថែមទៀត ៕