មីយ៉ាន់ម៉ា ៖ ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាព្រួយបារម្ភថា ពួកគេនឹងលែងមានឱកាសអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាវិញហើយ ខណៈដែលប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្ដើមជួសជុលរបងតាមព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសបង់ក្លាដែស។
ជនភៀសខ្លួនម្នាក់បាននិយាយថា ទង្វើរបស់រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ានេះបានធ្វើឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមានការព្រួយបារម្ភថា ពួកគេនឹងលែងមានឱកាសចូលទៅក្នុងលំនៅឋានរបស់ខ្លួននៅក្នុងទឹកដីនៃប្រទេសមីយ៉ាន់ម៉ាវិញហើយ។ ចំណែកឆ្មាំការពារព្រំដែនប្រទេសបង់ក្លាដែសបាននិយាយថា ពួកគេមិនទាន់បានទាក់ទងមន្ត្រីនៅប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ ហើយនេះជាផ្នែកមួយនៃការគ្រប់គ្រងព្រំដែនជាទម្លាប់របស់ប្រទេសមីយ៉ាន់ម៉ាទៅហើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះចំនួនពលរដ្ឋរ៉ូហ៊ីងយ៉ាដែលរត់គេចពីប្រតិបត្តិការយោធាប្រទេសមីយ៉ាន់ម៉ាគឺមានចំនួនជាងកន្លះលាននាក់នៅប្រទេសបង់ក្លាដែស៕