រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ និងរមណីយដ្ឋាន សុខា សៀមរាប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន បានថ្លែងអះអាងថា វិធានការទប់ស្កាត់ការបំផ្លាញសន្តិសុខជាតិនៅកម្ពុជា មិនមែនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា នោះទេ ព្រោះសកម្មភាពក្បត់ជាតិបានធ្វើឡើងជាប្រព័ន្ធ ។
សម្តេច ហ៊ុន សែន បានថ្លែងអះអាងជាថ្មីថា នឹងមិនអនុញ្ញាត្តិឲ្យនរណាម្នាក់បំផ្លាញសន្តិ សុខជាតិនោះទេ ហើយមិនអនុញ្ញាត្តិឲ្យនរណាម្នាក់បំរើបរទេសមកបំផ្លាញខ្មែរជាដាច់ខាត ។
សម្តេច ហ៊ុន សែន បានរម្លឹកឡើងវិញផងដែរ អំពីរឿងរាវដែលឃាតករលួចបាញ់សម្លាប់ សម្តេចលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។សម្តេចបញ្ជាក់ថា មុនពេល គេបាញ់សម្តេចមួយថ្ងៃគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៨ គឺសម្តេចបានទៅចាក់គម្ពីត្រូវត្រង់គេយកទៅប្រហារជីវិតតែមិនសម្រេច ហើយក៏ត្រូវបានឡើង ធ្វើជាស្តេចតែម្តង ។ សម្តេចបន្តថា នៅថ្ងៃគេបាញ់សម្តេចនោះ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសម្តេចហៅភ្លៀងធ្លាក់នោះថា ជាភ្លៀងបង្កឡើងដោយអ្នកមានបារមីថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងថែរក្សាទឹកដីអង្គរ ដើម្បីទុកសម្តេចបង្ក្រាបទមិឡទាំងឡាយ។
សម្តេចបានសង្កត់ធ្ងន់ថា គេហ៊ានលើកដៃសម្លាប់សម្តេចគេអាចធ្វើទៅបាន រឿងអីដែល សម្តេចមិនអាចអនុវត្តច្បាប់ ដើម្បីជាតិ និងប្រជាជន ចំពោះជនក្បត់ជាតិ ។ ទន្ទឹមនោះសម្តេចបាន ចោទជាសំណួរថា អាមេរិកទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ អង្គការសហប្រជាជាតិទទួលស្គាល់ ខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ខ្មែរ ហេតុអីក៏គេអាចធ្វើទៅ រីឯសម្តេចត្រឹមតែអនុវត្តន៍ច្បាប់ ដើម្បីការជាតិ និងប្រជាជនហេតុអ្វីក៏ធ្វើមិនបាន។
សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចមិនរាថយនោះឡើយ សម្តេចនឹងបន្តអនុវត្តន៍ វិធានការច្បាប់ ដើម្បីការពារជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួមគ្នា ថែរក្សាសុខសន្តិភាពនេះ បើមិនដូច្នោះទេការបំភ្លេចបំផ្លាញជាតិនឹងកើតមានមិនខានឡើយ ៕