បង្ក្រាប​បាតុកម្ម​ដ៏​ហិង្សា​នៅ​អេ​ស្ប៉ា​ញ បង្ក​ឲ្យ​របួស​មនុស្ស​៨៤៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017 ក+ ក-

​ម៉ា​ឌ្រី​ត ៖ មនុស្ស​ច្រើនជាង ៨៤៤​នាក់ បាន​រងរបួស​ក្នុង​ចំណាត់ការ​របស់​ប៉ូលិស​អេ​ស្ប៉ា​ញ​ក្នុងការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​ក្រុម​អ្នកគាំទ្រ​ការប្រកាស​ឯករាជ្យ​រប​ស់​តំបន់​កាតា​ឡូ​នៀ (Catalonia) នៅ​អំឡុង​ការបោះឆ្នោត​ប្រជា​មិ​ត​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ នេះ​បើតាម​សារព័ត៌មាន Russian Today ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
​បើតាម​អាជ្ញាធរ Catalonia បាន​និយាយថា ៩០​ភាគរយ នៃ​ប្រជាជន​ច្រើនជាង ២.២៦​លាន​នាក់ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​របស់​តំបន់ Catalonia បាន​បោះឆ្នោត​គាំទ្រ​ប្រកាស ឯករាជ្យ រីឯ​មេដឹកនាំ​តំបន់​មួយ​នេះ លោក កា​ឡែ​ស ភី​ក​ឌេ​ម៉ុ​ន (Carles Puigdemont) ក៏បាន​សន្យា​ដែរ​ថា នឹង​ប្រកាស​ឯករាជ្យ​ជា​ឯក​ភាគី បើទោះជា​មានការ​ជំទាស់​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត ក៏ដោយ ព្រោះ​ខ្លួន​ទទួល​សិទ្ធិ​បង្កើត​រដ្ឋ​ហើយ​។​
​ថ្លែងប្រាប់​សារព័ត៌មាន Sky News រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ លោក អាល់​ហ្វុ​ន​សូ ដា​ស្ទី​ស (Alfonso Dastis) បាន​លើកឡើងថា «​អ្នក​អាច​គិតថា ក្រុមមនុស្ស​ទាំងនោះ​កំពុង​អនុវត្តន៍​សិទ្ធិ​ដោយ​សន្តិវិធី ក្នុងការ​បោះឆ្នោត ក៏ប៉ុន្តែ​បញ្ហា​ការបោះឆ្នោត​ប្រជាមតិ​នោះ ត្រូវបាន​ចាត់ទុកថា ជា​រឿង​ខុសច្បាប់​ដោយ​តុលាការ​ធម្មនុញ្ញ​… ដូច្នេះ​ខ្ញុំ​មិន​យល់ស្រប​ឡើយ​ថា (​ចំណាត់ការ​របស់​ប៉ូលិស​) គឺជា​អំពើហិង្សា​ធ្ងន់ធ្ងរ​ហួសប្រមាណ​»​។ ដោយឡែក​រដ្ឋាភិបាល Catalonia កំពុង​ស្នើឱ្យ​សហភាព​អឺរ៉ុប​ហើបមាត់​និយាយ​ពី​ការរំលោភ​សិទ្ធិមនុស្ស​នេះ​៕