ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ អាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះ សម្បែង វត្តអារាម ដើម្បីជៀសឲ្យឆ្ងាយពីតំបន់ដែលមន្ត្រីជំនាញនឹងបើកប្រតិបត្តិការដោះគ្រាប់ គីមីដ៏សែនគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ឲ្យដឹងថា ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកនេះ មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៊ីម៉ាក់ បានចាប់ផ្តើមប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋ និងព្រះសង្ឃចេញពីភូមិឋានរបស់ពួកគាត់ ទៅរកទីសុវត្ថិភាព ដើម្បីបើកប្រតិបត្តិការដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បន្សល់ទុកដោយអាមេរិក។
លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ថា នៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងត្រូវជម្លៀសចេញពីផ្ទះ ត្រឹមម៉ោង៣៖៣០នាទីរសៀល នៅពេលដែលយើងផ្អាកប្រតិបត្តិការដោះគ្រាប់បែកពួកគាត់អាចត្រឡប់ចូលផ្ទះដូចធម្មតាវិញ ហើយនៅថ្ងៃបន្ទាប់ពួកគាត់អាចនឹងត្រូវជម្លៀសចេញបន្តទៀត ប្រសិនបើកប្រតិបត្តិការ នៅតែបន្តនោះ ៕