ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានស្តេចយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ នៅម៉ោង ៣រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។
ការយាងត្រឡប់របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅឯព្រលានយន្តហោះអន្តរ ជាតិ ភ្នំពេញ មានការទទួលព្រះរាជដំណើរដោយ ព្រះញាតិវង្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីព្រះបរមរាជ វាំងផងដែរ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងបានយាងទៅពិនិត្យព្រះរាជ សុខភាពយ៉ាងទៀងទាត់នៅទីក្រុងប៉េកាំង ប្រទេសចិន តាមការកំណត់របស់ក្រុមគ្រូពេទ្យ ចិន៕