ភ្នំពេញ ៖ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ កម្មការិនីរោងចក្រដែលមានផ្ទៃពោះ នឹងទទួលបាន ប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល នៅពេលសម្រាលកូនបានម្នាក់។ ដោយឡែក កម្មការិនីដែលសម្រាលបានកូនភ្លោះ២ នឹងទទួលបាន៨០ម៉ឺនរៀល និងអ្នកដែលមានកូនភ្លោះ៣ ទទួលបាន១លាន២សែនរៀល។លើសពីនេះទៀតប្រមុខរាជរដ្ឋាភិបាល ក៏ស្នើឲ្យថៅកែរោងចក្រ អនុញ្ញាតឲ្យកម្មការិនី ដែលមានផ្ទៃពោះ អាចចេញមុនម៉ោងការងារយ៉ាងតិច ១៥ នាទី ផងដែរ។
ការផ្តល់ប្រាក់ដល់កម្មការិនីសម្រាលកូននេះ ជាគោលនយោបាយផ្តល់សាច់ប្រាក់ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅចំពោះមុខកម្មករ-កម្មការិនីប្រមាណ១ ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមផ្លូវជាតិលេខ ៤ នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ។
រាជរដ្ឋាភិបាល ក៏សម្រេចឲ្យកម្មការិនីដែលសម្រាលកូន អាចឈប់សម្រាកមាតុភាព រយៈពេល៣ខែ ហើយអាចទទួលបានប្រាក់ខែចំនួន ១២០ ភាគរយទៀតផង ដែលប្រាក់ ខែនេះ បេឡាជាតិរបបសន្តិសុខសង្គមជាអ្នកផ្តល់ឲ្យ៧០ ភាគរយ និងភាគីរោងចក្រផ្តល់ ជូន៥០ ភាគរយ។
បន្ថែមពីនេះ សម្ដេចតេជោ បានអំពាវនាវឲ្យបង្កើតគិលានដ្ឋាន ទារកដ្ឋាន អាហារ ដ្ឋាន ឲ្យបានគ្រប់រោងចក្រសហគ្រាស ដែលពេលនេះ នៅតាមរោងចក្រ សហគ្រាសមានគិលានដ្ឋានមានប្រមាណ៨០% អាហារដ្ឋានមានជាង៣០% ចំណែកទារកដ្ឋាន មានតែជាង២០%ប៉ុណ្ណោះ៕