ភ្នំពេញ ៖ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រមាណ៧,១ភាគរយនោះ ធនាគារពិភពលោកបានព្យាករកំណើននេះត្រឹមតែ៦,៨ភាគរយ សម្រាប់ឆ្នាំ ២០១៧ និង ៦,៩ភាគរយ សម្រាប់ឆ្នាំ២០១៨ ប៉ុណ្ណោះ។
តាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃពុធទី៤ តុលា នេះថា កំណើនត្រូវបានព្យាករថា មានការថមថយតិចតួចមកនៅត្រឹម៦,៨ភាគរយក្នុងឆ្នាំ២០១៧ ថយពី៧,០នៅឆ្នាំ២០១៦ ។ ការថមថយកំណើននេះមកពីការនាំចេញវាយនភណ្ឌមានការថយល្បឿនបន្តិច ខណៈការនាំចេញគ្រឿងយន្ត បរិក្ខារ និងគ្រឿងបន្លាស់អគ្គិសនី មានការកើនឡើងជំនួសវិញ ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំកម្ពុជាបានឱ្យដឹងថា ការព្យាកររបស់ធនាគារពិភពលោក គឺបានពឹងផ្អែកទៅលើឯកសារ តឹកតាងមួយចំនួនដែលខ្លួនបានសិក្សា ។ ម្យ៉ាងទៀតការទម្លាក់ការព្យាករនេះដែរ ក៏ស្រដៀងគ្នាទៅនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះដែរ ដោយក្នុងនោះ ក្រសួងបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងនៅត្រឹម៦,៩ភាគរយ ក្នុងឆ្នាំ ២០១៧ ។
លោកបន្តថា បើក្រលេកមកមើលស្ថានភាពជាក់ស្ដែងវិញ ក៏បានបង្ហាញដូចនេះដែរ ក្នុងនោះឃើញថា វិស័យកាត់ដេរ បានធ្លាក់ចុះបន្តិចតែវាមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានោះទេ ព្រោះវាបានជំនួសមកវិញនៅវិស័យទេសចរណ៍ និងការនាំចេញគ្រឿងយន្ត សម្ភារៈអគ្គិសនីជាដើម ។
ពាក់ពន្ធ័នឹងហានិភ័យ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោកបានបង្ហាញថា បើសិនជាសេដ្ឋកិច្ចប្រទេសធ្លាក់ចុះយ៉ាងគំហុកនោះ វានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវធ្លាក់ចុះដែរ ។ ដូចនេះមានន័យថា ចិនជាទីផ្សារធំមួយនៅក្នុងប្រទេសកម្ពុជា ដែលជួយជំរុញកំណើសេដ្ឋកិច្ច ឱ្យមានស្ថេរភាព៕