ឆ្លងកាត់​ស្ពាន លី​យ៉ុង​ផាត់​ព្រែក​ព្នៅ មិនបាច់​បង់ប្រាក់​ទៀត​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ ថា ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​តទៅ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦A ទៅ​ផ្លូវជាតិ​លេខ​៥ នឹង​លែង​បង់ប្រាក់​ដើម្បី​អាច​ឆ្លងកាត់​ទៀតហើយ ព្រោះ​រាជរដ្ឋាភិបាល នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែង និង​ជា​ការយក​ចិ​ត្ដ​ទុកដាក់​មួយទៀត​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​តែងតែ​គិតគូរ​ដោះស្រាយ​រាល់​ទុក្ខលំបាក និង​បញ្ហា​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​។
​ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្ហោះ​សារ​ជូនដំណឹង​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា​នេះ ថា​”​ដើម្បី​ដោះស្រាយ​នូវ​ការលំបាក​និង​ជួយ​លើក​កំពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង​០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦A ទៅ​ផ្លូវជាតិ​លេខ​៥ (​ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ​) នឹងត្រូវ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ​”​។​
​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់​។ ក្នុងនោះ​សម្ដេច​តេ​ជោ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ​៕

SONY DSC