ប៉ាគីស្ថាន ៖ មន្ត្រីនាំពាក្យសាលារដ្ឋាភិបាលនិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារកន្លែងគោរពបូជានិកាយស៊ីអ៊ីតមួយកន្លែងដែលមានអ្នកគោរពបូជាជាច្រើននៅទីនោះនៅក្នុងភូមិដាច់ស្រយាលមួយនៅភាគនិរតីប្រទេសប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ដោយសម្លាប់មនុស្សចំនួន២០នាក់ និងរបួសយ៉ាងតិច២៥នាក់។
មន្ត្រីនាំពាក្យរដ្ឋាភិបាលខេត្តបាលូគីស្ថានបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀតដោយសារអ្នករងរបួសមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយថា ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ក៏មានកូនក្មេង៥នាក់ ស្ត្រីម្នាក់ និងមន្ត្រីប៉ូលិសម្នាក់ផងដែរ។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅពេលកងសន្តិសុខបានឆែកឆេរខ្លួនអ្នកវាយប្រហារនៅកន្លែងគោរពបូជានៅភូមិមួយស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រខាងកើតទីក្រុងកេតា (Quetta) ដែលជាទីរួមខេត្តបាលូគីស្ថាននៅប្រទេសប៉ាគីស្ថាន។
ក្រោយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារនេះហើយ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕