រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា ប្រជាពលរដ្ឋជាង៥០០គ្រួសារដែលកំពុងរស់នៅតាមប្រឡាយស្ទឹងមានជ័យ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ក្រោយការស្ថាបនាប្រឡាយនិងផ្លូវអមសងខាងប្រឡាយនេះ បានបញ្ចប់រួចរាល់។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋរួមនឹងការដាក់បង្គោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ដើម្បីអោយតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ យ៉ាងស្រស់ត្រកាលតែម្តង ។
អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញពីគម្រោងខាងលើនេះកាលពីព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០១៧ក្នុងវេទិកាសាធារណៈស្តីពីគម្រោងស្តារនិងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ជាង៥០០គ្រួសារ នៅក្នុងទីអារាមវត្តស្ទឹងមានជ័យ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យដែល គ្រោងនឹងធ្វើការអភិវឌ្ឍន៍នេះមានប្រវែង១៣៥០ម៉ែត្រ ស្ថិតក្នុងទឹកដីខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់តែម្តង ៕