កណ្តាល ៖ ថ្មីៗនេះ គេសង្កេតឃើញមានករណីស្ត្រីមានផ្ទៃពោះស្លាប់ជាបន្តបន្ទាប់ ពេលចូលទៅសម្រាលកូននៅក្នុងមន្ទីរសម្ភពនានា ដែលករណីនេះ ត្រូវបានមហាជននិយាយថា បណ្តាលមកពីការធ្វេសប្រហែស របស់ក្រុមគ្រូពេទ្យ ពិសេសគ្មានវិជ្ជាជីវៈបច្ចេកទេសច្បាស់លាស់ ទើបបណ្តាលឱ្យមានករណីនេះកើតឡើង ។
ជាក់ស្តែង កាលពីវេលាម៉ោង ជាង៧យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ត្រីមានផ្ទៃពោះម្នាក់ បានទៅសម្រាលកូននៅឯមន្ទីរ «សម្រាកព្យាបាល និងសម្ភព ម៉ានី » ក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានបែកទឹកភ្លោះស្លាប់ភ្លាមៗចោលកូនដែលទើបនឹងកើត ។
ស្ត្រីរងគ្រោះមានឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការ-មានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមលោក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ករណីស្ត្រីម្នាក់ទៅសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព ម៉ានី កាលពីយប់ថ្ងៃទី៧ តុលានោះ គឺពិតជាបានស្លាប់នៅក្នុងមន្ទីរសំរាកពិតមែន ដោយពេលភ្លាមៗនោះ លោកក៏បញ្ជាឲ្យកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមជំនាញរបស់នគរបាលយុត្តិធម៍ ។
លោកអធិការបានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការសាកសួររួចមក ជនរងគ្រោះស្លាប់ ដោយសារបែកទឹកភ្លោះ តែចំពោះករណីនេះ លោកនៅមិនទាន់អាចសន្និដ្ឋានបានទេថា ជនរងគ្រោះស្លាប់ដោយអាការ:នេះ ឬក៍ស្លាប់ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ ដោយសារកិច្ចការនេះ ជាជំនាញរបស់មន្ទីរសុខាភិបាល។ ករណីនេះលោកបានរាយការណ៍ទៅស្ថាបន័តុលាការហើយ ក្នុងនោះលោកក៏កំពុងឲ្យកម្លាំងជំនាញកសាងសំណុំរឿងបន្តផងដែរ។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ ឈោះ្មឆាយ សោភណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានប្រាប់ម្តាយថា ឈឺពោះ គាត់ក៏បានរៀបចំឥវ៉ាន់ ដើម្បីមកសម្រាលកូន នៅមន្ទីរពេទ្យសម្ពព ម៉ានី ពេលមកដល់គ្រូពេទ្យក៏បានយកជនរងគ្រោះ ចូលក្នុងបន្ទប់ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមឲ្យជនរងគ្រោះ បានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហើយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះ ឡើងលើគ្រែដើម្បីសម្រាលកូន ដោយជនរងគ្រោះខំប្រឹងបង្កើតកូនចេញមក ក៏សន្លប់នៅពេលនោះ គ្រូពេទ្យក៏ជួយសង្គ្រោះទារករួចហើយ ក៏ជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែធ្លាក់ឈាមច្រើន ដោយជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូង ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជនរងគ្រោះបាន ក៏ដាច់ខ្យល់ស្លាប់បាត់តែម្តង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកយកព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីប្រធានមន្ទីរសំរាកព្យាបាល និងសម្ភព ម៉ានី នេះដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបានទេ កាលពីព្រឹកថ្ងៃទី៨ តុលា ឆ្នាំ២០១៧ នេះ។
សូមរំលឹកថា៖ មន្ទីរសំរាកព្យាបាល និងសម្ភព នៅក្រុងតាខ្មៅ គឺកើតមានករណី ស្ត្រីសម្រាលកូនស្លាប់ញឹកញាប់ណាស់ ប្រជាពលរដ្ឋសំណូមពរឱ្យ ក្រសួងសុខាភិបាល និងស្ថាបន័ពាក់ពន្ធ័មេត្តាពិនិត្យ និងជួយចាត់វិធានការទៅលើគ្រូពេទ្យ ដែលគ្មានជំនាញច្បាស់លាស់ផង ។ ពួកគាត់កំពុងរង់ចាំមើលថា តើស្ថាប័ន័តុលាការ នឹងមានវិធានការបែបណាទៅលើករណីនេះ ៕