ភ្នំពេញ៖ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានលើកឡើងប្រដូចទោសទណ្ឌចំពោះជនដែលប្រព្រឹត្តអំពើពុករលួយថា « អំពើលួចថវិកាជាតិ ជាអំពើឧក្រិដ្ឋ ចំណែកការតែងតាំងបុគ្គលិកដោយជាគ្រួសារ ឬដោយសំណូកនៅក្នុងតួនាទី ក៏ជាអំពើឧក្រិដ្ឋដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ » ។
លោក សុន ឆ័យ បានលើកឡើងបែបនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សារវាងគណៈកម្មការទី២ នៃរដ្ឋសភា ជាមួយអគ្គលេខាធិការរដ្ឋសភា ស្តីពីការចំណាយថវិការបស់រដ្ឋសភា នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិថា ការចំណាយ និងគម្រោងទិញសម្ភារៈឧបករណ៍ប្រើប្រាស់នៅរដ្ឋសភា គឺថ្លៃហួសហេតុ ដូចជា ចំណាយលើសេវាកម្ម ១១,៥លានដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកគម្រោងចំណាយលើការទិញឧបករណ៍ការពាររន្ទះ មួយគ្រឿងថ្លៃ ១២.០០០ដុល្លារ សាងសង់ ក្លោងទ្វារ ជាង ៥ម៉ឺនដុល្លារ និងដងទង់ជាតិ មួយថ្លៃ ៣៥.០០០ដុល្លារ ជាដើម។ អំពើលួចថវិកាជាតិ ជាអំពើឧក្រិដ្ឋ។
លោក សុន ឆ័យ ក៏បានបន្ថែមថា ចំនួនបុគ្គលិកនៅរដ្ឋសភា នាសព្វថ្ងៃ មានជាង ១.៣០០នាក់ ដែលជាចំនួនច្រើន លើសពីជំនាន់សម្តេចក្រុមព្រះ នៅជាប្រធានរដ្ឋសភា កាលពីឆ្នាំ២០០៦ មានតែជាង ៤០០ នាក់ប៉ុណ្ណោះ។ ក្នុងនោះ ក៏មានបញ្ហាគ្រួសារនិយមរបស់លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា បានកាន់តំណែងជាអ្នកកាន់លុយ និងធ្វើសវនកម្ម នៅរដ្ឋសភា ព្រមទាំងកាន់តំណែងជាអគ្គនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ សរុបប្រមាណ ១៥នាក់។
លោក សុន ឆ័យ បានបញ្ជាក់ថា កិច្ចប្រជុំរវាងគណៈកម្មការទី២រដ្ឋសភា និងលោកឡេង ប៉េងឡុង នៅព្រឹកនោះ មិនទាន់ដោះស្រាយបញ្ហាខាងលើ នៅឡើយទេ ដោយសារតែលោក ឡេង ប៉េងឡុង មិនព្រមផ្តល់ឯកសារពាក់ព័ន្ធនឹងការចំណាយ និងបញ្ជីឈ្មោះបុគ្គលិកជាដើម ដល់គណៈកម្មការទី២រដ្ឋសភាឡើយ។
លោក សុន ឆ័យ បានអះអាងថា ក្នុងកិច្ចប្រជុំ លោកបានបញ្ជាក់ទៅកាន់អគ្គលេខាធិការរដ្ឋសភាថា អំពើលួចថវិកាជាតិ ជាអំពើឧក្រិដ្ឋ។ ការតែងតាំងបុគ្គលិក ដោយជាគ្រួសារ ឬដោយសំណូក នៅក្នុងតួនាទី ជាអំពើឧក្រិដ្ឋ មានចែងក្នុងក្រមព្រហ្មទណ្ឌ។
ជាការឆ្លើយតប លោក ឈាង វុន សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការលើកឡើងរបស់លោក សុន ឆ័យ គ្រាន់តែជារឿងដដែលៗ ហើយបើសិនជាលោក សុន ឆ័យ ចង់ដឹងច្បាស់ ក្នុងនាមអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា អាចទៅពិភាក្សាជាមួយប្រធានគណៈកម្មការទី២ រួចហើយ កោះហៅអ្នកទទួលខុសត្រូវមកសួរនាំទៅ ព្រោះលោក សុន ឆ័យ ធ្វើការងារនេះស្រាប់។
យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង ពេលដើរចេញពីបន្ទប់ប្រជុំ បានបដិសេធ មិនផ្តល់សម្ភាសន៍ ដល់អ្នកកាសែតទេ។ ចំណែកលោក មិត្ត ការ៉េន ដែលបានចូលរួមក្នុងកិច្ចប្រជុំ កាលពីព្រឹកម្សិលមិញ ក៏មិនបាននិយាយស្តីអ្វីដែរ៕
លោក សុន ឆ័យ អនុប្រធាន គណៈកម្មការទី២ នៃរដ្ឋសភា