ប៉េកាំង ៖ ទីភ្នាក់ងារអង្កេតជាតិបាននិយាយពីថ្ងៃអាទិត្យថា អាកាសធាតុត្រជាក់បានចាប់ផ្ដើមវាយប្រហារផ្នែកភាគច្រើននៅភាគខាងជើង និងពាយព្យនៃប្រទេសចិនដោយធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ផងដែរ។
ទីភ្នាក់ងារឧតុនិយមជាតិនិយាយថា តំបន់មួយចំនួនស្ថិតនៅភាគខាងជើងប្រទេសចិនដូចជាខេត្តស៊ីនជាំង ខេត្តសានស៊ី និងហ្គានស៊ូព្រមទាំងនៅតំបន់ស្វយ័តម៉ុងហ្គោលីនឹងមានសីតុណ្ហភាពចុះត្រជាក់រហូតដល់ជាង១២អង្សាចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃអង្គារ។ ទីភ្នាក់ងារឧតុនិយមនេះបានបន្ថែមទៀតថា តំបន់មួយចំនួនរួមទាំងខេត្តឆឹងហៃ (Qinghai) នៅភាគពាយព្យប្រទេសចិននឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃពុធសីតុណ្ហភាពចុះត្រជាក់នឹងបន្តរាលដាលទៅភាគខាងត្បូងប្រទេសដោយធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅតំបន់ភាគច្រើនស្ថិតនៅភាគកណ្ដាលនិងខាងកើតនៃប្រទេសចិនហើយនឹងធ្វើឲ្យប៉ះពាល់ចរាចរណ៍នៅទីនោះ៕