រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណកាលពីព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីឆ្នាំ២០១៨តទៅ ស្ត្រីជាមន្ត្រីរាជការស៊ីវិល នគរបាល និងកងទ័ព នឹងទទួលបាន ប្រាក់៨០ម៉ឺនរៀល សម្រាប់ការឆ្លងទន្លេ សម្រាប់កូនមួយ ។ ចំណែកស្ត្រីសម្រាលបានកូនភ្លោះ២ទទួលបានប្រាក់១,៦០លានរៀល , កូនភ្លោះបីទទួលបានប្រាក់ ២,៤លានរៀល ។
សម្តេចបានបន្ថែមថា បច្ចុប្បន្នស្ត្រីក្នុងក្របខណ្ឌមន្ត្រីរាជការ ស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ៩ម៉ឺននាក់។ តែក្នុងនោះស្ត្រីមាន លទ្ធភាពមានកូនមានប្រមាណតែ ១០,៨៤៤នាក់ ដែលក្នុងនោះមន្ត្រីរាជការស៊ីវិល មាន ១០,៣៦០នាក់ នគរបាលមានចំនួន ១៩៤ និងកងទ័ពមានចំនួន ២៥០នាក់។
សម្តេច ហ៊ុន សែន បានថ្លែងអះអាងថា ចាប់ពីឆ្នាំ២០១៨តទៅ ការឧបត្ថម្ភសម្រាប់ស្ត្រីឆ្លង ទន្លេផ្នែកកម្មករ និយោជិតត្រូវចំណាយប្រមាណ ១០លានដុល្លារ និងសម្រាប់ស្ត្រីជាមន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធមានប្រមាណ២លានដុល្លារ ៕