លោក សុខ ឥសាន ជំរុញ​ឲ្យ​លោក គឹម សុខ បង្អត់អាហារ​​រហូត​ទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ កាលពី​ថ្ងៃទី​៦ ខែតុលា​នេះ បាន​សរសេរ​សំបុត្រ​មួយច្បាប់ ដោយ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ការទាមទារ​របស់លោក គឹម សុខ នោះ​គឺ​វិធានការ​បង្អត់ អាហារ ( មិន​ហូបបាយ ) និង​សាច់ ឬ​ម្ហូបអាហារ​មាន​សាច់ នោះទេ​។ ប៉ុន្តែ​លោក​ហូប​ទឹក​បបរស​ជាមួយ​អំបិល និង​បន្លែ​ស្រុះទឹកក្ដៅ​ជំនួស​វិញ​។ បើតាម​លោក គឹម សុខ កូដកម្ម​នេះ​ឈប់​ទៅបាន លុះ​ណា​មានការ​ដោះលែង​លោក កឹម សុខា មាន​សេរីភាព និង​មានឱកាស​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ឡើងវិញ​។​
​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​បែប​ចំអក​ទៅ​លោក គឹម សុខ វិញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម តេ​ឡេ​ក្រាម ដោយ​ពន្យុះ​ឲ្យ​លោក គឹម សុខ បន្ត​បង្អត់អាហារ​ខ្លួនឯង​រហូត​ទៅ មិនបាច់​ផ្អាក​ទេ ហើយ​បើ​បង្អត់​បបរ​ទៀត​ក៏​ជាការ​កាន់តែ​ប្រសើរ​។​
​លោក​សុខ ឥ​សាន្ត បាន​លើកឡើងថា គឹម សុខ បាន​ប្រើ​មធ្យោបាយ​បង្អត់បាយ ដើម្បី​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​និង​តុលាការ​ឲ្យ​ដោះលែង​ការចោទប្រកាន់ កឹម សុខា ពី​ទោស​ក្បត់ជាតិ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ បើ កឹម សុខា​មិន​ត្រូវបាន​ដោះលែង​ទេ គឹម សុខ នៅតែ​បង្អត់បាយ​ខ្លួនឯង​ដដែល​តរៀង​ទៅ ។​
​យ៉ាងណាក៏ដោយ អ្នកជំនាញ​សុខាភិបាល​បាន​លើកឡើងថា ការធ្វើ​ដូច​លោក គឹម សុខ មិន​ហៅថា បង្អត់អាហារ​នោះទេ ព្រោះ​បើ​ហុត​ទឹក​បបរ ហូប​បន្លែ ផ្លែឈើ​វា​កាន់តែ​ធ្វើ​ឲ្យ​មនុ​ស្សមាន​សុខ​ភាពល្អ​ទៅវិញ​ទេ ៕