ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ផែនការ​ភេរវកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

ម៉ាឡេស៊ី ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ថ្មីៗ​នេះ​ពីព្រោះ​គេ​មាន​ភស្តុតាង​មួយចំនួន​បង្ហាញថា សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​បង្ក​ការព្រួយបារម្ភ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ប្រជាពលរដ្ឋ​ពហុ​ជាតិ​សាសន៍​និង​ពហុ​សាសនា​។​
​ឧបនាយករដ្ឋមន្ត្រី​លោក អះ​ម៉ា​ដ ហ្សា​ហ៊ី​ដ ហា​មី​ឌី បាន​និយាយថា គោលបំណង​សំខាន់​របស់​ក្រុម​ជ្រុលនិយម​នេះ​គឺ​ចង់បង្ហាញ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ថា ប្រទេស​ម៉ាឡេស៊ី​មិនមាន​សិទ្ធិសេរីភាព​ផ្នែក​សាសនា​នោះទេ​។ លោក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមប្រឆាំង​ភេរវកម្ម​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ប្រទេស​នេះ​។​
​គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៧​ខែកញ្ញា​ដល់​ថ្ងៃទី​៦​ខែតុលា មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅតាម​តំបន់​មួយចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​សង្ស័យថា រៀបចំ​សកម្មភាព​ភេរវកម្ម កេណ្ឌ​អ្នកទោស​ឲ្យ​ចូលរួម​ក្រុម​ភេរ​វករ និង​ផែនការ​វាយប្រហារ​លំនៅ​ឋាន​ពលរដ្ឋ​គោរព​សាសនា​អ៊ីស្លាម គ្រឹ​ស្ត​សាសនា និង​សាសនា​ហិណ្ឌូ​ដើម្បី​បង្កើត​ជម្លោះ​នៅ​ប្រទេស​នេះ​៕