ពលរដ្ឋខ្មែរជិត៣៤ម៉ឺននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ ៖ រយៈពេល៣៨ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៣៨,០១៨នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត ខណៈដែលអ្នកត្រូវលុបឈ្មោះចេញមានចំនួន ៣,៤០៧នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,០៤៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គ.ជ.ប បានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕