រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រតិភូសហភាពអឺរ៉ុបបានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការរំលាយបក្សប្រឆាំងអាចនឹងធ្វើឲ្យបាត់បង់កិត្យានុភាពនៃដំណើរការបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ត្រូវបានដកស្រង់សំដីដោយ VOD ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបធ្វើឡើងតាមខ្លួននឹកឃើញតែប៉ុណ្ណោះ ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា កម្ពុជាជាប្រទេសគោរពរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើទោះជាគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨ ក៏មានគណបក្សផ្សេងទៀតចូលរួម សម្រាប់ការបោះឆ្នោតដែរ ។
VOD បានដកស្រង់សំដីលោក ខៀវ សុភ័គ ផ្សាយថា ជាការពិតណាស់ កាលហ្នឹង (ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧) ប្រជាពលរដ្ឋអត់បានដឹងថា បក្សសង្គ្រោះជាតិ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ កឹម សុខា ដែលជាជនក្បត់ជាតិ។ ទើបតែនៅពេលនេះលោកដឹងហើយថា អ្វីដែលលោក កឹម សុខា បានធ្វើគឺជាការធ្វើឡើង ដោយតាមការណែនាំរបស់បរទេសដែលចង់នាំឲ្យប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេស ដូចជាស៊ីរី ឬលីប៊ី ជាដើម។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា គាត់បានដកឃ្លា មកពិចារណាអំពីសន្លឹកឆ្នោតរបស់ខ្លួនហើយ នៅឆ្នាំ២០១៨ ។ លោកបញ្ជាក់បន្ថែមថា ជំហររបស់រដ្ឋាភិបាល មិនអាចថយក្រោយនោះទេ តែថា ការសម្រេចរំលាយ ឬមិនរំលាយយ៉ាងណានោះ គឺស្ថិតទៅលើការសម្រេចតុលាការកំពូល ៕