ខេត្តរតនគិរី ៖ រថយន្តបាឡែន១គ្រឿង ដែលបង្កប់ឈើប្រណីតប្រភេទធ្នង់បម្រុងឆ្លងដែនចេញទៅប្រទេសវៀតណាម តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រូវកម្លាំងយោធា១០២ បង្ក្រាបបាននៅក្បែរវរៈការពារព្រំដែនគោកលេខ៦២៣។ ការបង្ក្រាបខាងលើនេះធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមសមត្ថកិច្ចបានដឹងថា រថយន្តដែលសមត្ថកិច្ចបង្ក្រាបបាននេះ ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2l-8827 ផ្ទុកឈើប្រណីតប្រភេទធ្នង់ពេញមួយរថយន្ត និងឆែកនៅក្នុងរថយន្តរកឃើញស្លាកលេខ១គូរថែមទៀតផង។ ដោយឡែកម្ចាស់រថយន្តដែលបង្ក្រាបបាននេះ ត្រូវគេស្គាល់ថា ជាមន្ត្រីសមត្ថកិច្ច១រូបនៅក្នុងស្រុកអូរយ៉ាដាវ។
បច្ចុប្បន្នវត្ថុតាង និងរថយន្ត ត្រូវបានកម្លាំងយោធាប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើបកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកឈើមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ៕