តេហេរ៉ង់ ៖ ជាឆ្លើយតបនឹងការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Masoud Jazayeri ដែលជាមេញ្ជាការកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងនោះបានបញ្ជាក់ដូច្នេះថា «មើលទៅវាហាក់ដូចជារដ្ឋបាលដូណាល់ ត្រាំ ចេះតែពាក្យសន្យានឹងមាត់តែប៉ុណ្ណោះ ដូច្នេះពួកគេគួរតែទទួលរងវិបត្តិខ្លះដើម្បីយល់ពី អត្ថន័យនៃអំណាចថ្មីនៅលើពិភពលោក…ហើយវាដល់ពេលដែលយើងត្រូវបង្រៀនពីមេរៀនថ្មីដល់សហរដ្ឋអាមេរិក»។
ការថ្លែងបែបនេះរបស់លោក Masoud Jazayeri ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាំគ្នាចុះផ្សាយថាលោក ដូណាល់ ត្រាំ ទំនងជាអាចនឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេអ៊ែរនៅព្រហស្បតិ៍សប្ដាហ៍នេះតាមអ្វីដែលលោកធា្លប់បានសន្យានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៥។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ។ ក៏ប៉ុន្តែ គេក៏រំពឹង ដែរថាទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនអាចនឹងជះឥទ្ធិពលដល់ជម្លោះនៅអ៊ីរ៉ាក់ និងស៊ីរី ជាទីដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ គាំទ្រភាគីជម្លោះរៀងៗខ្លួន ខណៈអ៊ីរ៉ង់បានព្រមានថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់រួមមានទាំងកម្លាំងយោធា បើសិនជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនេះមែននោះ៕