រាជធានីភ្នំពេញ ៖ រដ្ឋសភាជាតិ នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០១៧ នេះ នឹងបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៦ ក្រោមអធិបតីភាពសម្តេច មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
បើតាមសេចក្តីជូនដំណឹង បានលើកឡើងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ បានអនុម័តលើកាលបរិច្ឆេទបើកសម័យប្រជុំសភាពេញអង្គលើកទី៩ ដើម្បីពិនិត្យអនុម័តរបៀបវារៈចំនួន៦ រួមមាន៖
១ ព្រះរាជសារព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។
២ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩នីតិកាលទី៥។
៣ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
៤ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រម ព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍(ហៅកាត់ថា អាស៊ាន) និងប្រទេសចិន។
៥ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ស្តីពីការទទួល បានសុពលភាព នៃប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប រវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នប្រកាស នីយបត្រ តក្កកម្ម អឺរ៉ុប។
៦ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា ៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ ស្តីពីប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប ដែលមានប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាព លេខាធិការសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ចំនួនបីរូបផងដែរ រួមមាន៖ លោកស្រី ពៅ សាវឿន លោក សត្យា វុធ និងលោក ឡុង រី៕